
(ភ្នំពេញ)៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបត់ឆ្លងផ្លូវចូលទៅកាន់ផែស្ងួត បានបុកជាមួយរថយន្តម៉ាក Alphard ពាក់ស្លាកលេខរដ្ឋ១គ្រឿងកំពុងបើកបរតាផ្លូវត្រង់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅលើមហាវិថីឈ្នះឈ្នះ មុខផែស្ងួតតេងឡាយ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទ្រុងដឹកទំនិញ១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0131 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវស្របពេលនោះស្រាប់តែមានរថយន្តម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ06-2 -1136 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវត្រង់លឿនដែរទៅដល់ក៏បានបុកគ្នាពេញទំហឹងតែម្ដង។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណ:នោះពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ប៉ុន្តែរថយន្តទាំង២គ្រឿងបានរងការខូចខាតដូចគ្នា ហើយរថយន្តAlphard បានខូចខាតធ្ងន់ធ្ងរជាង។ បន្ទាប់មកនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅអន្តរាគមន៍ធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕