• នារីវ័យក្មេងម្នាក់ ផឹកស្រាថ្នាំលាយជាមួយភេសជ្ជៈ ស្ទីង ជាមួយសង្សារ ក្អួតចង្អោរដឹកយកទៅសង្គ្រោះ មន្ទីរពេទ្យមិនទទួលបានដាច់ខ្យល់ស្លាប់នៅលើ ម៉ូតូកង់បី
    ដោយ admin  ថ្ងៃទី 2 July, 2021  ម៉ោង 09:19 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិផឹកស៊ី នាងបានផឹកស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន ក៏ហៅ Pass App ដឹកទៅមន្ទីរពេទ្យ ពេលទៅដល់ អស់ជាច្រើនកន្លែង ពេទ្យមិនទទួលជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅលើ Pass App ទល់មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។

    សពជនគ្រោះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ មុខរបរ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។

    ប្រភពពីនារីម្នាក់ ត្រូវជាមិត្តភក្ដិជនរងគ្រោះ បានឱ្យដឹងថា ពួកនាងមានគ្នាចំនួន០៦នាក់ ប្រុសម្នាក់ ត្រូវជាសង្សារនារីរងគ្រោះ បាននាំគ្នាជួបជុំផឹកស៊ី ។ ចំណែកស្ត្រី០៤នាក់ បាននាំគ្នាផឹកស៊ី ស្រាបៀរកំប៉ុង រីឯជនរងគ្រោះ និងសង្សាររបស់នាង បាននាំគ្នាផឹកស្រាថ្នាំ លាយជាមួយនឹងភេសជ្ជ: ស្ទីង ផឹកអស់ចំនួន៦ឈុត ។ លុះពេលផឹកហើយក៏ស្រាប់តែនារីរងគ្រោះ បានក្អួតចង្អោទន់ដៃទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេជាមិត្តភក្ដិ ក៏បានហៅម៉ូតូកង់បីឥណ្ឌា ឱ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ពេលទៅដល់មន្ទីរពេទ្យរុស្ស៊ី ពេទ្យថាអត់ទទួល ក៏បន្តទៅពេទ្យឯកជនបញ្ញាសក្តិ ពេទ្យអត់ទទួលទៀត ក៏បន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។

    ករណីខាងលើនេះ បន្ទាប់ពីដឹងថា នារីរងគ្រោះស្លាប់ហើយ មិត្តភក្តិក៏បានទាក់ទងទៅរកសាច់ញាតិនៅឯខេត្ត ហើយសាច់ញាតិក៏ប្រាប់មកវិញថា ឲ្យម៉ូតូកង់បីដឹកយកទៅដាក់នៅវត្តចាក់អង្រែក្រោមទៅ ដើម្បីធ្វើបុណ្យ ។ ប៉ុន្តែពេលទៅដល់មុខវត្តចាក់អង្រែក្រោម ក៏ត្រូវចាក់សោបងមិនឱ្យចូល ដោយរង់ចាំខាងពេទ្យ មកយកសំណាក និងឱ្យខាងសមត្ថកិច្ចជំនាញពិនិត្យមើលថា ជនរងគ្រោះបានស្លាប់ដោយសារករណីអ្វី ឱ្យប្រាកដ ទើបសមត្ថកិច្ចប្រគល់សពឱ្យក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares