• លោកអភិបាលខេត្តព្រះសីហនុអញ្ជើញទៅពិនិត្យសកម្មភាពសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ ) នៅសាលាវិទ្យាល័យស្ទឹងហាវ
    ដោយ admin  ថ្ងៃទី 9 June, 2021  ម៉ោង 07:22 | ព័ត៌មាន​ជាតិ

    (ខេត្តព្រះសីហនុ )៖ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរមាន លោកស្រី ឌុច សោភាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាល ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិងកងកម្លាំងអធិការនគរបាលនិងកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវបានចូលរួមផងដែរ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្តបែបថ្មី នៅសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

    លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹង ហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន១៥ថ្នាក់ សិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ លោកគ្រូ អ្នកគ្រូចំនួន ៣៨នាក់ ក្នុងនោះស្រី ១៥នាក់ សិស្សានុសិស្សបានចូលរៀនតាមប្រពន្ធ Goole Meet ៥១៨នាក់ សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សមានដូចជា ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom។

    ក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្ស មកសាលារៀនវិញ ម្យ៉ាងទៀតសិស្សដែលនៅជិតសាលាអាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ ។ ដោយសារតែបច្ចុប្បន្នមានសិស្សចំនួន ៤៥នាក់ ដែលមិនមានស្មាតហ្វូនប្រើប្រាស់ ។

    លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានថ្លែងកោតសរសើរ លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ពិសេសលោកគ្រូ អ្នកគ្រូសាលាវិទ្យាល័យស្ទឹងហាវ ដែលបានរៀបចំកម្មវិធីបង្រៀន និងរៀនសម្រាប់សិស្សបានល្អ ទោះបីមិនទាន់បានល្អ ១០០ភាគរយក៏ពិតមែន ក៏ប៉ុន្តែជាការជម្រុញលើកទឹកចិត្តដល់អាណាព្យាបាលសិស្សឱ្យកូនចៅរបស់ខ្លួនបានចូលរៀនតាមប្រពន្ធអេឡិចត្រូនិច(អនឡាញ )បានច្រើន។ ដូច្នេះមន្ទីរត្រូវខិតខំបណ្តុះបណ្តាលគ្រូ( I.T ) នៅតាមសាលាគោលដៅ ដើម្បីពង្រឹងវិស័យអប់រំនៅខេត្តព្រះសីហនុ បង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក(អនឡាញ) ដល់សិស្សានុសិស្សរបស់យើង ស្របតាមបរិបទនៃសម័យកូវីដ-១៩ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍របស់យើង ។

    ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី អាណាព្យាបាលសិស្សត្រូវសហការជាមួយសាលា លោកគ្រូ អ្នកគ្រូ ឱ្យកូន ចៅរបស់យើងបានចូលរៀនតាមប្រព័ន្ធអេឡិចត្រូនិចកាន់តែទទួលបានទូលំទូលាយបន្ថែមទៀត ។

    សូមជម្រាបថា នៅខេត្តព្រះសីហនុមានវិទ្យាល័យចំនួន៩ ,អនុវិទ្យាល័យមានចំនួន១៨ និងសាលាបឋមសិក្សាមានចំនួន៧២ ។ សិស្សរៀនតាមប្រព័ន្ធអនឡាញ នាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ ចំនួនសិស្សរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនន ៦៧.០៩% ។

    នាឱកាសនោះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ៣៨នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល សាលាវិទ្យាល័យស្ទឹងហាវ ១លានរៀល លោកគ្រូ IT ម្នាក់ ថវិកា ១លានរៀល សាលាឃុំ៣ ក្នុងមួយសាលាឃុំ ១លានរៀល ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares