• អាល់កុលក្លែងក្លាយជាង១២តោន ត្រូវបានមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម បង្រ្កាបនៅទីតាំងស្តុកទុក និងបម្រុងលក់ចូលទីផ្សារ
    ដោយ admin  ថ្ងៃទី 14 May, 2021  ម៉ោង 14:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាមន្ត្រីក្រោម ឱវាទចុះបង្ក្រាបដកហូតបានអាល់កុលក្លែងក្លាយជាង១២តោនបន្ថែមទៀត នៅទីតាំងស្តុកទុក បម្រុងលក់ចូលទីផ្សារ ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

    មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) និងការធ្វើការតាមដានត្រឡប់ (Trace Back) លើករណីបង្ក្រាប អាល់កុលក្លែងក្លាយ នៅម្តុំអូឡាំពិក កាលពីពេលថ្មីនេះ ដោយកំណត់យកទីតាំងសង្ស័យមួយចំនួន តួយ៉ាងទីតាំងឃ្លាំងគ្មានលេខ ផ្លូវ២៩២ កែងផ្លូវ១៥៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង ដែលសង្ស័យស្តុកអាល់កុលក្លែងក្លាយ ត្រៀមចែកចាយលើទីផ្សារ ត្រូវបានមន្ត្រីជំនាញស្នើសុំគោលការណ៍ ពីស្ថាប័នអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្ក្រាបនៅរសៀលថ្ងៃដដែលនេះ។

    ជាលទ្ធផល ដោយមានការឯកភាពពីស្ថាប័នអយ្យាការ អមសាលាដំបូងរាជធានីភ្នំពេញ និងកិច្ចសហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបលើទីតាំងឃ្លាំងខាងលើ និងបានធ្វើតេស្តតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញ វត្តមាន អាល់កុលក្លែងក្លាយ ឬសាធាតុមេតាណុល បានចំនួន ៤១២កាន ស្មើនឹង ១២,៣៦០លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្ត តាមនីតិវិធីច្បាប់។

    សូមរំលឹកផងដែរ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រហូតមកដល់ថ្ងៃនេះ អាល់កុលក្លែងក្លាយ ចំនួនប្រហែលជិត៣០តោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បង្រ្កាបជាបន្តបន្ទាប់។ អាល់កុលក្លែងក្លាយនេះគ្មានប្រសិទ្ធភាពសម្លាប់មេរោគកូវីដបានទេហើយវាថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ថែមទៀត ដូច្នេះអ្នកនាំចូលឬផលិតក្នុងស្រុកត្រូវអនុវត្តទោសឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares