• លោក ឃួង ស្រេង៖ ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ តំបន់ក្រហម,តំបន់លឿងទុំ, តំបន់លឿង នៅរក្សាការបិទខ្ទប់ដដែល តែបង្រួមមកតូចជាងមុន បម្រាម និងវិធានការអនុវត្តដដែល!
    ដោយ admin  ថ្ងៃទី 3 May, 2021  ម៉ោង 12:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាល បញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់ នៅតែរក្សា តំបន់៣ ដដែលនោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ ដោយអនុវត្តបម្រាមដដែល។
    នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ។

    នៅក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។

    លោកបានបន្តទៀតថា «ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។

    សូមជំរាបថា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។

    ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares