• កំណត់ត្រាថ្មីនៅឥណ្ឌាក្នុងថ្ងៃសុក្រនេះ! មនុស្ស ៣៨៦,៤៥២នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,៤៩៨នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ
    ដោយ admin  ថ្ងៃទី 30 April, 2021  ម៉ោង 12:13 | អន្តរជាតិ

    (ញូដេលី)៖ ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៩ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់ ក្នុងមួយថ្ងៃបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១៨.៧៥លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

    នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៣៨៦,៤៥២នាក់ទៀត ត្រូវបានរាយការណ៍ (ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត) ខណៈអ្នកជំងឺរហូតដល់ ៣,៤៩៨នាក់បានស្លាប់ (ថយចុះជាងពីថ្ងៃព្រហស្បតិ៍ម្សិលមិញបន្តិច)។ ពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ជាង ២០៨,៣០០នាក់, ១៥.៣៧លាននាក់ជាសះស្បើយឡើងវិញ និង ៣.១៧លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។

    ស្ថិតនៅចំពោះការអំពាវនាវពីអង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើន ឱ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា។

    គួរបញ្ជាក់ថា យន្ដហោះយោធាដំបូងគេរបស់សហរដ្ឋអាមេរិក បានដឹកជញ្ជូនជំនួយបន្ទាន់ក្នុងនោះរួមមានទាំងអុកស៊ីសែន, ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដ រហ័សជាដើមទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃសុក្រនេះ ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង ១០០លានដុល្លារ នឹងបន្តមកដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត។ ឥណ្ឌាក៏កំពុងជំរុញការផលិតអុកស៊ីសែនក្នុងស្រុកផងដែរ ដែលអាចនឹងបង្កើនចំនួនផ្គត់ផ្គង់រហូតដល់ ២៥% បន្ថែមទៀត នៅត្រឹមពាក់កណ្តាលខែឧសភាខាងមុខ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares