• យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ !!
    ដោយ admin  ថ្ងៃទី 31 March, 2021  ម៉ោង 13:48 | ព័ត៌មាន​ជាតិ, សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) នឹងចាប់ផ្តើម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។

    យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

    វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោកដែលបណ្តាប្រទេសមួយចំនួនបាននិងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយដែរ។

    ក្រសួងសុខាភិបាលបានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅដល់ ៥៩ឆ្នាំ ទៅទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឱ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលសហគមន៍របស់យើង ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

    អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា គ.វ.ក- ១៩ បានកំណត់ក្រុមគោលដៅដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន ៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (S INOVAC)ដោយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជូនក្រុមមនុស្សដែលដល់វេនចាក់ គឺ៖
    *ទី១. ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គ.វ.ក-១៩ ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន។
    *២. រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូន គ.វ.ក-១៩ រួចហើយ។
    *៣.អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គ.វ.ក-១៩ តាមរយៈ ក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួចហើយ)។
    *៤. កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធានី-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្តពាក់ព័ន្ធ)។
    *៥. មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡា ដោយបានផ្ញើជូន គ.វ.ក-១៩ រួចហើយ)។
    *៦. មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ។
    *៧. ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានធ្វើបញ្ជីឈ្មោះជូន គ.វ.ក-១៩ រួចហើយ។
    *៨. កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន គ.វ.ក-១៩។

    គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្ដី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តនូវការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខ១១៥៕

    វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
    ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares