• ខេត្តកោះកុងបើកការដ្ឋានកសាងទីតាំងបញ្ចុះសព យុទ្ធជនយុទ្ធនារី កាលពីសម័យសង្គ្រាម
    ដោយ admin  ថ្ងៃទី 24 February, 2021  ម៉ោង 04:07 | ព័ត៌មាន​ជាតិ

    (ខេត្តកោះកុង)៖ ទីតាំងបញ្ចុះសព វិរបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមកន្លងមក មានទំហំ៩២០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានរៀបចំពិធីសូត្រមន្តបង្សុកូល និងក្រុងពាលី កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកដើម្បីឧទ្ទិសកុសលជូនដល់សពកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបញ្ចុះនៅក្នុងវិមានសពយុទ្ធជនចំនួន ៤៤៧នាក់ តាមបែបសាសនា និងបើកសម្ភោធដាក់ឲ្យដំណើរការបើកការដ្ឋានកសាងឡើងវិញកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ។

    អញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីខាងលើមាន ឯកឧត្តម នាយឧត្តមនាវីទៀ វិញ មេបញ្ជាការកងទព័ជើងទឹក ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារ ជាតិ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អាជ្ញាធរក្រុងខេមរភូមិន្ទ មន្ទីរអង្គភាព ការិយាល័យជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំបីប្រភេទ និងការចូលរួមពីលោកឧកញ៉ា លោកជំទាវបងប្អូនជាអាជីវករ ពាណិជ្ជករ សប្បុរសជនជិតឆ្ងាយ សិស្សានុសិស្ស ក្រុមកាយរឹទ្ធ ប្រជាពលរដ្ឋបានមកចូលរួមយ៉ាងកុះករ។

    នៅក្នុងសន្ទរកថារបស់ឯកឧត្តម នាយឧត្តមសេនីយ៍យន្ត មីន បានមានប្រសាសន៍ឲ្យដឹងថា ការងារសាសង់ ជួសជុលទីលានផ្នូរសពយុទ្ធជនជាគំនិតផ្តួចផ្តើមឡើង ដោយសម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដ៍ឧត្តុង្គឧត្តមនៅខេត្តកោះកុងដែលទីលានផ្នូរសពយុទ្ធជនត្រូវបានរៀបចំពិធីទក្ខិណានុប្បទាន បញ្ចុះបឋមសិលា ដើម្បីបើកការដ្ឋានសាងសង់ថ្មីជាការតបគុណជូនដល់សពកម្មាភិបាលយុទ្ធជនយើងដែលបានពលីនៅក្នុងសម័យសង្គ្រាមហើយត្រូវបានយកមកបញ្ចុះនៅទីនេះមានចំនួន៤៤៧សព ចាប់តាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៨ និងឧទ្ទិសកុសលដល់កម្មាភិបាល និងយុទ្ធជនដទៃទៀតដែលបានពលីដើម្បីបុព្វហេតុជាតិ មាតុភូមិនាពេលកន្លងមក។

    ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា មានធាតុយុទ្ធជនបងប្អូនយើងខ្លះ ត្រូវបានបងប្អូនគ្រួសារសាច់ញាតិគាស់យកធាតុទៅស្រុកហើយតែក្រុមគ្រួសារក៍បានសុំឲ្យយើងរក្សាផ្នូរគាត់នៅទីនេះដដែល និងមានសាកសពខ្លះបានកប់នៅកន្លែងដទៃតែគ្រួសារសពបានសុំឲ្យយើងដាក់ផ្នូរនិមិត្តរូបទុកនៅទីនេះដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ឲ្យដឹងថា ទីលានសពនេះដំបូងនៅឆ្នាំ២០០២ យោធាខេត្តបានធ្វើរបង និងបុស្សបុក០១ ធ្វើអំពីឈើព្រមទាំងធ្វើកោដិចំនួន១ និងសរសេរពាក្យស្លោកនៅនឹងកោដិថា (ដឹងគុណជានិច្ច) ព្រមទាំបានធ្វើរបងខាងមុខដោយលួសបន្លា និងលើកផ្លាកមួយរំលេចអក្សរធំៗថា (វិមានសពយុទ្ធជន) ។

    ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថាក្រោយប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសកម្ពុជាមានសន្តិភាពពេញលេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខេត្តកោះកុងក៍ដូចខេត្តព្រំដែនដទៃទៀតទទួលបាននូវសន្តិភាពពេញលេញនាពេលនេះដែរមានសន្តិភាព មានការអភិវឌ្ឍន៍ដូច្នេះតំបន់ផ្នូរសពយុទ្ធជនក៍ក្លាយពីតំបន់កប់សពយុទ្ធជនទៅជាទីប្រជុំជន មកដល់ពេលនេះក្លាយជាកណ្តាលទីក្រុងតែម្តងដែលព័ទ្ធជុំវិញដោយផ្ទះប្រជាជន កន្លែងកម្សាន្តសប្បាយ ខារ៉ាអូរខេ សម្អាងកេសារ។ល។ ផ្លូវបេតុងហូរហែជាតំបន់រស់នៅមមាញឹក និងជីវភាពប្រជាជនធូរធាបង្គួរ តែនៅឡើយទីលានបញ្ចុះសពឬវិមានសពយុទ្ធជនយើងមិនទាន់បានរៀបចំឲ្យបានសមរម្យនៅឡើយ។

    ដោយឃើញទិដ្ឋភាពបែបនេះសម្តេចពិជយ័សេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងបានប្រគល់ភារកិច្ចជូន ឯកឧត្តម នាយឧត្តមសេនីយ៍យន្ត មីន ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកោះកុងសហការណ៍ជាមួយរដ្ឋបាលខេត្តកោះកុង និងមានកិច្ចចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកឧកញ៉ា .លោកជំទាវ បងប្អូនជាអាជីវករ.ពាណិជ្ជករ.សមាគម នានាបានចូលរួមជាថវិការក្នុងការកសាងទីលានផ្នូរសពយុទ្ធជនឲ្យបានសមរម្យនិងមានសោភណ្ឌ័ភាពសក្តិសមទៅនិងគុណបំណាច់របស់កម្មាភិបាល វិរៈយុទ្ធជន.យុទ្ធនារីដ៍អង់អាចក្លាហានហ៊ានពលីជីវិត បូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

    សម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានមានប្រសាសន៍រំលឹកឲ្យដឹងឡើងវិញកាលពីសមយ័សង្គ្រាមវាយផ្តួលរំលំរបប ប៉ុល ពត តាមបន្ទាត់ព្រំដែនខេត្តកោះកុងគឺជាសមរភូមិក្តៅកម្មាភិបាលយុទ្ធជនយុទ្ធនារី យើងបានរងរបួសនិងពលីជីវិតនៅក្នុងភ្លើងសង្គ្រាមដើម្បីវាយផ្តួលរំលំរបបអាវខ្មៅ ប៉ុល ពត ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតទទួលបានជយ័ជំនះ សុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ។

    សម្តេចពិជយ័សេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ទីលានផ្នូរសពយុទ្ធជន និងរដ្ឋបាលខេត្តកោះកុងនិងសប្បុរសជនទាំងអស់ដែលបានផ្តល់ជំនួយជាថវិការជាសម្ភារៈជាទឹកចិត្ត ជាកម្លាំងដល់ការងារកសាងទីលានផ្នូរសពយុទ្ធជននាពេលនេះ ហើយយើងខិតខំធ្វើឲ្យហើយរួចរាល់យ៉ាងយូរនារដូវប្រាំងឆ្នាំ២០២២ -២០២៣ខាងមុខនឹងធ្វើពិធីប្រគល់ជូនមូលដ្ឋានរដ្ឋបាលខេត្តគ្រប់គ្រងប្រើប្រាស់បន្ត៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares