• ១៤ចំណុច ចំពោះបុគ្គលដែលមិនអាចចាក់វ៉ាក់សាំងកូវីដ១៩បាន
    ដោយ admin  ថ្ងៃទី 9 February, 2021  ម៉ោង 01:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានថ្លែងថា តាមនិតីវិធីបច្ចេកទេស ដែលត្រូវអនុវត្ដមុននឹងចាក់វ៉ាក់សាំង បុគ្គលនោះ ត្រូវចុះឈ្មោះជាមុន (តាមអនឡាញ ឬចុះដោយផ្ទាល់នៅមន្ទីរពេទ្យដែលទទួលបន្ទុកចាក់វ៉ាក់សាំង បន្ទាប់មកត្រូវមានការពិនិត្យ និងសាកសួរព័ត៌មានសុខភាព ដើម្បីគ្រូពេទ្យកក់ត្រា ហើយម្ចាស់សាម៉ីខ្លួនដែលមកចាក់វ៉ាក់សំាង ត្រូវផ្ដិតមេដៃ ឬចុះហត្ថលេខា ទៅលើទម្រង់មួយដែលឯកភាពដោយស្ម័គ្រចិត្ដ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩។

    បន្ទាប់មកបុគ្គលនោះ ត្រូវចូលទៅជួបគ្រូពេទ្យមួយទៀត ដែលទទួលបន្ទុកក្នុងការចាក់វ៉ា់ក់សាំង ក្រោយចាក់រួចមិនអនុញ្ញាតឱ្យវិលត្រលប់មកផ្ទះភ្លាមៗនោះទេ ត្រូវអង្គុយរង់ចាំ ក្នុងរយៈពេល៣០នាទី ដើម្បីឱ្យគ្រូពេទ្យ តាមដានសុខភាព តើមានប្រតិកម្មជាមួយវ៉ាក់សាំងដែលឬទេ?

    បើសភាពធម្មតា អាចត្រលប់មកផ្ទះបាន ដោយភ្ជាប់ជាមួយនឹងបណ្ណសម្រាប់ចាក់វ៉ាក់សំាង មានកក់ត្រាឈ្មោះវ៉ាក់សាំង និងថ្ងៃខែ ត្រូវចាក់លើកទី២ (ចន្លោះពី ១៤-២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១)។ ក្រោយចាក់វ៉ាក់សាំងរួចរាល់ ទើបគ្រប់ចំនួន២ដូសដោយជោគជ័យ ដែលធ្វើឱ្យសរីរាង្គយើងមានអង់ទីករ សម្រាប់ប្រឆាំងការពារ ជំងឺកូវីដ១៩។ ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសផ្ដល់កិច្ចសម្ភាសពិសេសជូនអ្នកសារព័ត៌មាន ស្ដីពីការដាក់ប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។

    លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «ចំពោះបុគ្គលដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន និងត្រូវមានការពិនិត្យសម្រេចដោយគ្រូពេទ្យ មានអាការៈដូចខាងក្រោម៖

    ១-មានអាយុក្រោម ១៨ឆ្នាំ និង៦០ឆ្នាំឡើង
    ២- មានអាការៈក្ដៅខ្លួន
    ៣- មានជំងឺផ្លូវដង្ហើម (Acute respiratory disease) និងជំងឺហឺត(Asthma)
    ៤- មានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរុំារ៉ៃឧស្សាហ៍ធ្វើទុក
    ៥- មានជំងឺអាឡែកស៊ី (Allergic) ដូចជា៖ ប្រតិកម្មអាឡែកស៊ី ជំងឺប្រទាលត្រអាក (Angioedema)
    ៦- មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង៖ តាមការឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩នេះ មានសារធាតុផ្សំ (វីរុស កូវីដ-១៩ ដែលបានសម្លាប់រួច WIV04 និងសារធាតុផ្សំ៖ សូដូ្យមអុកស៊ីត “Sodium Oxide” ឌីសូដ្យូមហ៊ីដ្រូហ្សែនផូស្វាត “Sodium Dihydrogen phosphate” អាលុយមីញ៉ូមអីដ្រូហ្សែន “Aluminium Hydrogen”) ដូចនេះអ្នកដែល មានប្រតិកម្មជាមួយវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរ ពេលចាក់ម្ជុលលើកទីមួយ ឬបុគ្គលមានចេញអាការៈប្រតិកម្មផ្នែកប្រព័ន្ឋប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតនោះទេ។
    ៧- អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបានមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។
    ៨- ស្រី្តមានផ្ទៃពោះ និងស្រ្តីក្នុងរយៈពេលបំបៅដោះ ឬស្រ្តីមានផែនការពរពោះក្នុងរយៈពេល៣ខែ។
    ៩- អ្នកមានជំងឺប្រកាច់ (កន្រ្តាក់) មានជំងឺឆ្កួតជ្រូក(ស្កន់) មានជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ ដែលមិនអាចគ្រប់គ្រងបាន ឬអ្នកដែលមានបញ្ហាប្រព័ន្ឋសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទ “Guillain-Barre Syndrome” ជាដើម។
    ១០- អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត (Immune deficiency) អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ (Lymphoma) អ្នកមានជំងឺឈាមស ឬមានជំងឺភាពស៊ាំ (Autoimmune)។
    ១១- អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ (ថ្នាំគីមី បញ្ចាំងកាំរស្មី…)។
    ១២- អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។
    ១៣- អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថាមិនគួរចាក់វ៉ាក់សាំង។
    ១៤- បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង។

    សូមជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរៀបចំការចាក់វ៉ាក់សាំង Sinopharm របស់ចិន បង្ការជំងឺកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័បានគ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅទីតាំងមន្ទីរពេទ្យចំនួន៤គឺ៖

    ១/ មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
    ២/ មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
    ៣/ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
    ៤/ មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares