• ប្រវត្តិភ្នំតាមីន! ហេតុអ្វីបានជាគេហៅ ឈ្មោះថាភ្នំតាមីន រហូតមកដល់សព្វថ្ងៃនេះ?
    ដោយ admin  ថ្ងៃទី 6 February, 2021  ម៉ោង 02:58 | ព័ត៌មាន​ជាតិ, សន្តិសុខ​សង្គម

    ភ្នំតាមីន គឺជាឈ្មោះភ្នំមួយដែលទើបនឹងដាក់ឈ្មោះថ្មី ភ្នំនេះសព្វថ្ងៃស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅជាប់នឹងព្រំប្រទល់ស្រុកខ្លងយ៉ៃ ខេត្តត្រាតប្រទេសថៃ។ បើយើងចង់ទៅកាន់ភ្នំតាមីនកាលពីមុនយើងអាចធ្វើដំណើរទៅបានតែតាមផ្លូវទឹក គឺទៅតាមស្ទឹងមេទឹក។ តែឥឡូវនេះគេច្រើនតែធ្វើដំណើរតាមផ្លូវគោកវិញវាងាយ ស្រួលជាងផ្លូវទឹក។ បើយើងចេញដំណើរពីក្រុងខេមរៈភូមិន្ទទីរួមខេត្តកោះកុងយើងត្រូវឆ្លងស្ពានកោះកុងដែលមានប្រវែង ១៩០០ ម៉ែត្រ សំដៅ ទៅទិសខាងលិចរួចបន្តដំណើរទៅតាមផ្លូវលេខ៤៨ មកដល់ព្រំ ប្រទល់ ច្រកទ្វារចាំយាមត្រូវបត់ស្ដាំ ទៅតាមផ្លូវគ្រោះក្រហមមួយខ្សែ ដែលជាផ្លូវទើបនឹងឈូសឆាយធ្វើថ្មីនៅឆ្នាំ២០០៩ ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតៈលោកគឺជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ដោយមានការគាំទ្រចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អតីតៈគណៈពង្រឹងទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជាថៃ និងការជួយឧបត្ថម្ភគាំទ្រពីលោកឧកញ៉ា លី យ៉ុងផាត់ នៅប្រេងម៉ាស៊ូតចំនួន១០ម៉ុឺនលីត្រ និងមានកិច្ចសហការជាមួយកងវិស្វកម្ម អគ្គបញ្ជាការ។ ផ្លូវនេះមានប្រវែង២២គីឡូម៉ែត្រចាប់ពីចំណុច y៨៨ ភូមិថ្មីចាំយាមរហូតទៅ ដល់ចំណុចY 0៣ គីរីវង្ស ហើយធ្វើដំណើរបន្តឡើងទៅលើភ្នំតាមផ្លូវមួយខ្សែទៀតដែលជាផ្លូវកសាងឡើងដោយឯកឧត្តម យន្ត មីន សហការជាមួយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ។

    តាមការបង្ហើបឱ្យដឹងពីលោកវរសេនីយ៍ត្រីស៊ុម សាខនប្រធានវរៈលេខ០៣ ដែលឈរជើងលើខ្នងភ្នំ៣២៩ ឬហៅថា ភ្នំតាមីន តាមបន្ទាត់ព្រំដែនខេត្តកោះកុងបានយឲ្យដឹងថា នៅក្នុងសមយ័កាលដែលលោកវរៈសេនីយ៍ឯក យន្ត មីន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង លោកបានឈ្វេងយល់ថា ភ្នំនេះគឺជាទីតាំងយុទ្ធសាស្ត្រមួយ ដ៏សំខាន់បំផុតសម្រាប់កងទ័ពដូចនេះលោកបានចិញ្ចឹមចិត្តមួយថានឹងយកភ្នំនេះពីភាគីថៃមកវិញឲ្យទាល់តែបានទើបលោកមេបញ្ជាការបានខិតខំរិះរកគ្រប់យុទ្ធសាស្រ្តដើម្បីយកភ្នំនេះ មកវិញឲ្យខាងតែបាន។

    លោកវរសេនីយ៍ត្រីស៊ុម សាខន ប្រធានវរៈលេខ០៣បានរំលឹកឲ្យដឹងទៀតថា នៅចុងឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ មានទាហានថៃចំនួន០៦ នាក់បានឡើងមកឈរជើងប្រចាំការនៅលើកំពូលភ្នំនេះដោយធ្វើជាផ្ទះស្នាក់នៅចំនួនពីរខ្នង និងមានដាំដើមដូងដាំខ្នុរនិងបោះទង់ជាតិថៃនៅលើភ្នំនោះតែម្ដង។ ដោយមើលឃើញថាកងទព័ថៃឡើងមកកាន់កាប់ និងបោះទីតាំងនៅទីនោះដោយខុសច្បាប់ ព្រោះទីតាំងនៅលើកំពូលភ្នំស្ថិតក្នុងផែនទីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងមានសារៈសំខាន់នៃកំពូលភ្នំជាយុទ្ធសាស្ត្រទៅអនាគតទើបលោកវរសេនីយ៍ឯក យន្ត មីន អតីតៈជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានរាយការណ៍ជូនលោកអភិបាលខេត្តកោះកុង យុទ្ធ ភូថងព្រមទាំងថ្នាក់ដឹកនាំកងយោធិពលខេមរភូមិន្ទតាមឋានានុក្រម ដើម្បីធ្វើយ៉ាងណាយកភ្នំ ៣២៩ មកកាន់កាប់វិញ។

    ពេលនោះថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ក៏បានប្រគល់ភារកិច្ចជូនលោកវរសេនីឯក យន្ត មីន មេបញ្ជាការសឹករងខេត្តកោះកុង ដើម្បីចរចាគ្រប់វិធីសាស្ត្រ ហើយលោក វរសេនីយ៍ឯកបានប្ដេជ្ញាចិត្តជាមួយលោកឧត្តមសេនីយ៍ទោម៉ៅ ឆែន នាយសេនាធិការងកងទ័ពជើងគោក ដែលបានចុះមកត្រួតពិនិត្យភូមិសាស្រ្តនាខែកុម្ភៈ ឆ្នាំ២០០៣ ថាដើម្បីការពារភូមិសាស្រ្ត ទីរួមខេត្តកោះកុងនឹងខ្សែបន្ទាត់ព្រំដែនយើងត្រូវរំដោះយកភ្នំ៣២៩ពីភាគីកងទព័ថៃមកកាន់កាប់ភ្នំនេះឲ្យបានចេញពីការគ្រប់គ្រងរបស់ប្រទេសថៃវិញ។

    លោកវរសេនីយ៍ត្រីស៊ុម សាខន បានបន្តឱ្យដឹងទៀតថាពេលនោះ លោកវរសេនីយ៍ឯក យន្ត មីន ក៏បានទំនាក់ទំនងជាមួយភាគីកងទ័ពថៃតាមរយៈការទូតជា លក្ខណៈមិត្តភាពឯកជនរវាងថ្នាក់ដឹកនាំកងទព័ថៃដែលកំពុងឈរជើងលើកំពូលភ្នំដើម្បីទាមទារយកភ្នំ ៣២៩ នេះត្រឡប់មកគ្រប់គ្រងវិញ និងដោយមានការគិតគូរយ៉ាងហ្មត់ចត់ ព្យាយាមជាសម្ងាត់ជាលក្ខណៈចង្អៀតបំផុតរវាងលោកវរសេនីយ៍ឯក យន្ត មីន និងមេដឹកនាំយោធាថៃឲ្យដកកងទ័ពចេញពីលើកំពូលភ្នំ៣២៩ ដែលពួកគេកំពុងតែឈរជើង។ ការចចារដោយសន្តិវិធីរបស់លោក យន្ត មីន ទទួលបានលទ្ធផលជាផ្លែផ្កា ដោយមិនមានការប្រយុទ្ធបង្ហូរឈាមគ្នាឡើយ។

    នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០០៤ លោកវរសេនីយ៍ឯក យន្ត មីន និងលោក វរសេនីយ៍ទោ ចំរើន សាខន មេបញ្ជាការវរៈសេនាតូចលេខ៣០៣ បានដឹកនាំកងទ័ពចំនួន៥០នាក់ទៅកាន់កាប់ឈរជើងបង្ហូតទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើកំពូលភ្នំដែលជាកន្លែងដែលកងទព័ថៃធ្លាប់ឈរជើងវិញម្តង។ ចាប់តាំងពីពេលនោះមកភ្នំ ៣២៩ ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅតៗគ្នាថា ភ្នំតាមីន រហូតមកដល់សព្វថ្ងៃនេះ ។

    លោកវរសេនីយ៍ត្រីយ៍ ស៊ុម សាខន បានបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ នៅលើកំពូលភ្នំតាមីន មានពីកងអនុសេនាតូចឈរជើងនៅ តំបន់នេះមានភារកិច្ចការពារតំបន់ភ្នំតាមីន ដោយឈរជើងទល់មុខជាមួយភាគីកងទព័ថៃកងអនុសេនាធំលេខ៥៣៦ ឈុតខ្មៅមានចម្ងាយ១៥០ម៉ែត្រពីគ្នាជាប់ភូមិហាតលិកឃុំហាតលិក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។

    ភ្នំតាមីន នេះមានលក្ខណៈពិសេសការពារបានតាំងពីសម័យខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន ក្នុងការវាយចូលឬបាញ់ផ្លោងចូលក្នុងទីរួមខេត្តកោះកុង។ ភ្នំ៣២៩ ឬភ្នំតាមីន មានស្រះទឹកមួយកន្លែងសម្រាប់ឲ្យកម្លាំងកងទ័ពយើងដែលឈរជើងនៅលើកំពូលភ្នំអាចប្រើប្រាស់ទឹកបានទាំងប្រាំងទាំងវស្សា រហូតមកដល់សព្វថ្ងៃនេះ។

    លោកប្រធានវរលេខ០៣បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅលើកំពូលភ្នំតាមីន គេឃើញមានចារឹកឈ្មោះថា (ភ្នំតាមីន) សូមស្វាគមន៍ និងតម្កល់នូវរូបសំណាកលោកមេទ័ពមុខ០៨ ដែលមានបរមីមហិទ្ធិរិទ្ធខ្លាំងពូកែសក្តិសិទ្ធ ដើម្បីជួយការពារភ្នំនេះតាមខ្សែបន្ទាត់ព្រំដែនក្នុងការ ការពារបូរណភាពទឹកដី និងថែរក្សាកងទ័ពដែលឈរជើងនៅលើភ្នំនោះ មានភាពសុខក្សេមក្សាន្តរហូតដល់សព្វថ្ងៃនេះ។ លោកក៍បានបញ្ជាក់បន្ថែមថា ការទាមទារយកភ្នំ៣២៩បានមកវិញពីភាគីថៃហើយមានចរឹកអក្សរឈ្មោះភ្នំ(តាមីន ) គឺជាសម្បត្តិជាតិយើងមិនមែនជាកម្មសិទ្ធរបស់បុគ្គលឡើយ។

    សូមរំឭកថា លោកវរសេនីយ៍ឯក យន្ត មីន ទទួលតំណែងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ចាប់តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០០១ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០០៨ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិបំពាក់ឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រីយ៍ ជាមេបញ្ជាការសឹករងខេត្តកោះកុង។ ក្នុងខែមករា ឆ្នាំ ២០១៥ លោកត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់ផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។ ក្រោយមកនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៥ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានតែងតាំង លោកជា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។លុះដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ លោកត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

    ចំពោះសមិទ្ធផលដែលជាស្នាដៃ លើការដឹកនាំអង្គភាពដែលទទួលបានពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងរយៈពេលបំពេញភារកិច្ចលើការដឹកនាំកងឯកភាពតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងពីខែមេសា ឆ្នាំ២០០១ រហូតដល់ ថ្ងៃ៣០ ឆ្នាំ២០០៨ លោកឧត្តមសេនីយ៍ត្រី យន្ត មីន ទទួលបាននូវការថ្លែងកោតសរសើរ និងទទួលបានការបំពាក់គ្រឿងឥស្សរិយយសពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិជាច្រើនផងដែរ។

    បច្ចុប្បន្ន ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បាននឹងកំពុងតែបំពេញភារកិច្ចយ៉ាងមមាញឹកលើវិសយ័ការពារជាតិ ដែលមានសម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអ្នកដឹកនាំ ក្រោមម្លប់សន្តិភាព របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រយ៉ាងប្ដូរផ្ដាច់ចំពោះសមិទ្ធផលសន្តិភាពដែលសម្ដេចអគ្គមហាសេនាបតីតេជោដាក់ចេញពាក្យពេចន៍ខ្លីដ៏មានអត្ថន័យ “អរគុណសន្តិ”៕ ដោយ រស់ ភីណា

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares