• ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា
    ដោយ admin  ថ្ងៃទី 3 December, 2020  ម៉ោង 01:21 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា។

    អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលរកឃើញវិជ្ជមានរួមមាន៖

    ១-បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវមុនីវង្ស) ដែលបានប៉ះពាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។

    ២- ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

    សូមកត់សម្គាល់ថា ដោយទទួលបានការអនុញ្ញាតពីសម្ដេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយធនាគារកាធេយូណាធីត (នៅផ្លូវសម្ដេចប៉ាន រាជធានីភ្នំពេញ) មានបុគ្គលិកជាច្រើនដែលកំពុងបម្រើការនៅទីនោះ ធនាគារកាធេនេះ ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ដើម្បីក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាក់បុគ្គលិកទាំងអស់នេះ និងតម្រូវឱ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ។​

    ក្រសួងបន្តថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ចំនួន ១,០៨១នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែម នៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៥៥៤ នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៩៦សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

    គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨,៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្រសួងសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃឱ្យបានត្រឹមត្រូវ និងអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ ទៅតាមសារណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញ ក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឱ្យសោះ ដើម្បីទប់ស្កាត់ការ ចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឱ្យមានការរាតត្បាតនៅក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមម៉ោង ០៧ និង០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares