• រដ្ឋបាលខេត្តព្រះសីហនុកំពុងព្រមានប្រជាជនចំនួន១៥៣ គ្រួសារតាមផ្លូវច្បាប់ដែលបានសាងសង់លំនៅដ្ឋានរំលោភលើចំណីផ្លូវលេខ២០០
    ដោយ admin  ថ្ងៃទី 26 November, 2020  ម៉ោង 01:16 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុផងដែរ។

    នាឱកាសនោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះ សីហនុ បានឱ្យដឹងថា ផ្លូវលេខ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋធ្វើការសាងសាង់សំណង់រំលោភលើដីចំណីផ្លូវមានចំនួន ១២៨ខ្នងផ្ទះ ស្នើនឹង ១៥៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២៥គ្រួសារ ផ្ទះជួល ៣៥គ្រួសារ ផ្ទះបិទទ្វារចោល ៥៩ខ្នងផ្ទះ ផ្ទះលក់ឱ្យជនបរទេសចំនួន ០៣ ខ្នង ដីទំនេរចំនួន ០២ ឡូតិ៍ សំណង់គ្រោងដែក ០២ និងសំណង់បេតុង ០២ ។

    លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង គឺប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យតតីយជនក្នុងនោះមានជនបរទេសជាដើម ដោយបើកអាជីវកម្មផ្សេងៗ ក្នុងនោះឃើញអាជីវកម្មមួយចំនួនមានដូចជាកោសជប់ ម៉ាស្សា និងការលួចបើកបម្រើសេវាកម្មផ្លូវភេទជាដើម ដែលទង្វើនេះវាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០.០០០.០០០រៀល(ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។

    រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យជនណាយកផ្លូវនេះធ្វើជាប្រយោជន៍បុគ្គលនោះឡើយ ហើយនៅក្នុងផែនការ ផ្លូវលេខ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំពង្រីក និងកែលម្អសោភ័ណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុទាំងមូល។

    លោកអភិបាលខេត្ត បានបញ្ជាក់ថាបន្ថែមថាផ្លូវលេខ២០០នេះ ជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ដែលចេញពីរង្វង់មូលតោពីរ មានផ្លូវ ៦ខ្សែ ហើយយើងបានធ្វើការអភិវឌ្ឍបានចំនួន ៥ខ្សែហើយ។ ចំពោះមុខ រដ្ឋបាលខេត្តនឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំនៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាពផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបង មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុដែលអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនអ្នកជំងឺបានលឿនឆាប់រហ័ស ករណីមានការសង្រ្គោះបន្ទាន់ផងដែរ។

    លោកអភិបាលបន្តថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុនេះ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយអាចគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ ២០២១ខាងមុខ។ ទន្ទឹមនោះយើងក៍ត្រូវធ្វើការអភិវឌ្ឍមន្ទីរពេទ្យរបស់យើងឱ្យបានធំទូលាយ ទំនើប មានសោភ័ណភាព ដើម្បីបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរ កាន់តែល្អប្រសើរថែមទៀត ក្នុងបុព្វហេតុបំរើប្រយោជន៍សាធារណៈក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុរបស់យើង ។

    លោកបន្តទៀតថា ការរៀបចំពង្រីក និងកែលម្អសោភ័ណភាពផ្លូវលេខ២០០ គឺក្នុងគោលបំណងធំចំនួន០៤ ដូចខាងក្រោម៖
    ១.លើកស្ទួយសោភ័ណភាពទីក្រុង
    ២.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍សាធារណៈ
    ៣.លើកកម្ពស់ការផ្តល់សេវាសុខាភិបាល
    ៤.កាត់បន្ថយការយកទីតាំងសាធារណៈមកប្រព្រឹត្តអំពើអនាចារ និងដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares