• ក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ ជិត៣ឆ្នាំហើយ ដូចជាមិនសូវដំណើរការ
    ដោយ admin  ថ្ងៃទី 22 September, 2020  ម៉ោង 07:15 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ គេនៅចាំបានថា ក្រុមហ៊ុន ហាន់សុីង(HanShin) ដេញថ្លៃលើគម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អមខេត្តពោធិ៍សាត់ លើទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក ។ មកទល់ពេលនេះ ជិត៣ឆ្នាំទៅហើយ ការដំណើរការសាងសង់ស្ថាបនា ហាក់មិនទៅមុខ ទុកឱ្យនៅមេម៉ាយ បង្កផលលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ ខណៈក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដី រួចទុកចោលរាប់ខែ បណ្តាលឱ្យបង្កជារណ្តៅជ្រៅៗ ពំនូក ធ្វើអោយប្រជាពលរដ្ឋជួបបញ្ហាខ្លាំងក្នុងការបើកម៉ូតូ កង់ ឡាន បរទេះគោ-ក្របី ចូលផ្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។

    អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ រអ៊ូរទាំ ពីការស្ថាបនានេះ ធ្វើអូសបន្លាយពេល សំបូរដោយគ្រហុក ហុយ បើកកាត់ម្តងៗស្ទើរគ្រុន បើស្ត្រីមានផ្ទៃពោះវិញ ត្រូវប្រុងប្រយ័ត្នពីសុខភាព ខណៈមានកន្លែងរលាក់ច្រើន ខុសពីការស្ថាបនាពីក្រុមហ៊ុនផ្សេងៗ។

    កម្មករ ក៏ដូចជាក្រុមការងារបានបង្ហើបថា៖ ក្រុមហ៊ុន ហាន់សុីង (HanShin) ខ្វះលក្ខណះសម្បត្តិគ្រប់គ្រាន់ សំខាន់គ្រឿងចក្រ សម្ភារៈ ជាមធ្យោបាយដំណើរការឱ្យការស្ថាបនាផ្លូវ ដែលខ្លួនដេញថ្លៃបាន ។ ជាទម្លាប់ក្រុមហ៊ុននេះ បាន(សាប់បន្ត) ម៉ៅការបន្តឱ្យក្រុមហ៊ុនតូចៗជាច្រើន ហើយក្រុមហ៊ុនខ្លះធ្វើមិនទៅមុខ ខ្លះទៀតរត់ចោល ខណៈម៉ៅការមិនចំណេញ បង្កើតជាការរាំងស្ទះការងារជាហូរហែ។

    កម្មករនិយាយថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ នេះមានក្រុមហ៊ុនប្លែកៗមកម៉ៅការ តែមិនចាំថាក្រុមហ៊ុនណាធ្វើពិតប្រាកដ ចេញមួយចូលមួយ និងគ្រឿងចក្រ រថយន្ត ជាដើម ដាក់ឱ្យដំណើរជាចន្លោះៗ គ្រាន់តែឱ្យល្អមើល ថាក្រុមហ៊ុនធ្វើការស្ថាបនាជាប់ជាប្រចាំតែប៉ុណ្ណោះ។

    សូមរំលឹកថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ប៉ុន្តែក្រុមហ៊ុន ហាន់សុីង(HanShin) នៅតែមានលក្ខណៈពិសេស ដេញថ្លៃបានគ្រោងស្ថាបនានូវផ្លូវជាតិឡើងវិញជាបន្តបន្ទាប់ទៅវិញ..!

    ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនបកស្រាយប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានមិនបានលម្អិតទេ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយលោកបញ្ជាក់ថា កំពុងមានធុរៈការងារច្រើន ហើយបង្វែឱ្យទៅសួរ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ ព្រោះគាត់ជាអ្នកកាន់ការងារនេះផ្ទាល់។

    ដោយឡែកលោក ឈឹម ផល្លា បានប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានថា៖ ការស្ថាបនាផ្លូវខាងលើ គេបានដំណើរការធម្មតា ចំពោះការយឺតយ៉ាវ ដោយសារស្ថានភាពការរាតត្បាតនៃជំងឺកូវីដ-១៩ និងចំពេលរដូវភ្លៀងធ្លាក់ផង។ លោកថ្លែងថា ទោះជាពេលនេះយឺតបន្តិចមែន តែមិនឱ្យហួសតាមការកំណត់រយៈពេលនៃដំណើរការស្ថាបនាឡើយ។ ពាក់ព័ន្ធនិងបញ្ហាខ្លះមានការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារកង្វៈខាតផ្លាកសញ្ញាចរាចរណ៍ លោកបកស្រាយថា៖ បញ្ហានេះខ្ញុំគិតថា គេបានរៀបចំត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំទទួលស្គាល់ថា មានកន្លែងខ្លះចន្លោះប្រហោងលើចំណុចនេះ ដូច្នេះខាងខ្ញុំបន្តយកចិត្តទុកពិនិត្យអោយបានដិតដល់ ហើយការធ្វើដំណើរបើកបរយឺតយូរ តាមផ្លូវលំបាកខ្លះ ដូចជាយើងដឹងស្រាប់ហើយមានឡានច្រើន និងផ្លូវកំពុងស្ថាបនា ។

    ជុំវិញដែលកន្លងមក ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ហើយបើស្ថាបនាផ្លូវជាតិលេខ៥ ពិនិត្យឃើញថា មានកំហុសបែបនេះទៀត តើគួរអនុញ្ញាតឱ្យ (HanShin)ចូលដេញថ្លៃទៀតទេ..? លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ថា៖ ជាធម្មតាការស្ថាបនាផ្លូវជាតិនិមួយៗ គឺមានការពិនិត្យយ៉ាងសុក្រិតបំផុតពីខាង(ចៃការ)ខាងក្រសួង ខាងក្រុមពិនិត្យបច្ចេកទេស ហើយគេអាចវាយតម្លៃពីគុណភាពស្តង់ដារ តែបើមិនបំពេញតាមគម្រោងនោះទេ កុំថាឡើយក្រុមហ៊ុន (HanShin) ក្រុមហ៊ុនណាក៏ដោយ ក៏មិនអាចដេញថ្លៃបានដែរ។ លោកលើកឡើងថា លោកទេសរដ្ឋមន្ត្រីមានស្តង់ដារ ការងារច្បាស់លាស់ ប្រកបដោយភាពទទួលខុសត្រូវ គឺចុះពិនិត្យដោយផ្ទាល់និងម៉ត់ចត់បំផុត។ ដូច្នេះបើក្រុមហ៊ុនណាធ្វើមិនតាមស្តង់ដារ គឺមិនទទួលយក ជាដាច់ខាត។

    សូមបញ្ជាក់ថា៖ ក្រុមហ៊ុន (HanShin) នេះពិតជាបានធ្វើផ្លូវយឺតយូរមែន បើសិក្សាពីតថភាពជាក់ស្តែង ដូច្នេះគួរខាងក្រសួងពន្លឿន ហើយខាង(ចៃកា)ពិនិត្យជាក់ស្តែងពីសកម្មភាពស្ថាបនានេះផង។ មួយរយៈនេះអ្នកដំណើរសុខចិត្តបើកបរចេញពីខេត្តបាត់មកកាន់ភ្នំពេញ កាត់តាមខេត្តបន្ទាយមាន សៀមរាប កំពង់ធំ កំពង់ចាម ដែលមានចំងាយដីលើសជិត២០០គីឡូម៉ែត្រឯណោះ ក្នុងហេតុផលថា ពិបាកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares