• រថយន្តLexus RX300 បើកលឿនបំពានភ្លើងស្តុបផ្លូវបំបែកជាបួន ត្រូវរថយន្ត Mecerdes បុកប៉ើងក្រឡាប់ផ្ញារជើង ខ្ទាតទៅប៉ះអ្នកជិះម៉ូតូ បាក់ជើង២នាក់
    ដោយ admin  ថ្ងៃទី 3 August, 2020  ម៉ោង 07:30 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តឡិចស៊ីស LEXUS RX300 មួយគ្រឿងបានក្រឡាប់ផ្ងារជើងទ្រមេឃក្រោយពី បើកបរក្នុងល្បឿនលឿន បានបំពានភ្លេីងស្តុបផ្លូវបំបែកជាបួន បំណងបត់ឆ្វេង ក៏ត្រូវរថយន្ត Mecerdes Benz CLA250 មួយគ្រឿង បេីកទៅបុកចំពេញទំហឹងហេីយខ្ទាតទៅប៉ះម៉ូតូស្មាស់មួយគ្រឿង ជិះឌុបគ្នាពីរនាក់បងប្អូនប្រុសស្រី កំពុងឈប់ស្តុប រងរបួស ធ្ងន់បាក់ជេីងម្ខាងម្នាក់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីម៉ោង០៩ និង៤០នាទីយប់ ថ្ងៃអាទិត្យទី២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន ស្តុបអនុវិទ្យាល័យចតុមុខ លេីផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ស្ថិតក្នុងភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរថយន្តមាន ៖ រថយន្តឡិចស៊ីស Lexus RX300 ពណ៌ស ស្លាកលេខភ្នំពេញ 2AZ-9881 បើកបដោយឈ្មោះ កុសល គឹមហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅក្នុងរថយន្តមានអ្នករួមដំណើរជនជាតិចិន ចំនួន៥នាក់ មិនមានរងបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណ ។

    ចំណែកឯរថយន្តស៊េរីទំនេីបម៉ាក Mecerdes Benz CLA250 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-0088 បើកបរដោយឈ្មោះ វុធ តាយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអ្នករួមដំណើរម្នាក់ភេទស្រី ។

    ចំណែកភាគីអ្នកជិះម៉ូតូ ជនរងគ្រោះទាំងពីរនាក់មាន ៖ ទី១-ឈ្មោះ ប្រាង សុផានុ អាយុ១៧ឆ្នាំ ភេទប្រុស មុខរបរសិស្ស និងទី២-ឈ្មោះ ប្រាង សុគន្ធថង ភេទស្រី អាយុ២៤ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពួកគេជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-6270 ។

    សាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ Smash បានធ្វើដំណើរពីជេីងទៅត្បូងតាមបណ្ដោយមហាវិថីព្រះនរោត្ដម មកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូរង់ចាំភ្លើងស្តុប ពេលនោះស្រាប់តែមានរថយន្ត LEXUS RX300 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងល្បឿនយ៉ាងលឿនបានបំពានភ្លើងស្តុប បំណងបួងបត់ឆ្វេង ទេីបត្រូវរថយន្ត Mercedes Benz CLA250 ពណ៌ស បេីកបរតាមបណ្ដោយផ្លូវ២១៤ ពីលិចមកកេីត ក្នុងល្បឿនលឿនល្មម ទៅបុកចំចំហៀងខាងឆ្វេងរថយន្ត LEXUS បណ្តាលឱ្យរថយន្ត LEXUS ផ្អៀងក្រឡាប់ផ្ងារជើង រងការខូចខាត រួចខ្ទាតទៅបុកផ្ទប់ម៉ូតូ ដែលកំពុងឈប់រងចាំភ្លើងស្តុប បណ្តាលឱ្យរបួសយុវជនឈ្មោះ ប្រាង សុផានុ បាក់ជើងខាងឆ្វេង និងនារីម្នាក់ទៀតជាបងស្រីរបួសបាក់ជើងខាងស្ដាំ ចំណែកម៉ូតូខូចខាតតិចតួចប៉ុណ្ណោះ។ ដោយទ្បែករថយន្ត Mercedes វិញ ខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍និងប្រគល់ឱ្យជំនាញ ចុះមកធ្វេីការវាស់ វែង រថយន្តទាំងពីរគ្រឿង និងម៉ូតូ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំធ្វេីការដោះស្រាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares