• ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញបភ្លឺ៖ ករណីមន្ត្រីនគរបាល ឃាត់ខ្លួនជនសង្ស័យ នៅសង្កាត់ក្បាលកោះ
    ដោយ admin  ថ្ងៃទី 1 July, 2020  ម៉ោង 10:49 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រោយពីមហាជននៅក្នុងបណ្ដាញសង្គម facebook បានធ្វើការចាប់អារម្មណ៍ និងប្រតិកម្មលើវីដេអូឃ្លីបមួយ ដែលគេដឹងថាជាសកម្មភាពសមត្ថកិច្ចបង្ក្រាបករណីសង្ស័យប្រព្រឹត្តល្មើសរឿងអ្វីមួយដោយចាប់យុវជនម្នាក់ផ្តួលចុះទៅដីវាយខ្នោះយកជង្គង់សង្កត់កជាប់ហើយប្រើអំពើហិង្សាខ្លះៗថែមទៀត ករណីនេះបានធ្វើមហាជន ចែករំលែកវីដេអូនេះយ៉ាងដោយមានការរិះគន់ទៅលើសមត្ថកិច្ច។

    ឆ្លើយតបនិងការយល់ច្រឡំរបស់មតិសាធារណជនក្នុងបណ្ដាញសង្គមម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមធ្វើការផ្សព្វផ្សាយក្នុងផេកដើម្បីបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួន ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ មកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច។

    ដើម្បីចៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូន ដូចខាងក្រោម៖

    ១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧ និង៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅ ធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូ ទទួលយកគ្រឿងញៀនពីជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់ គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញ ដើម្បីគេចខ្លួនពីសមត្ថកិច្ច។

    ២-ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន នៅទីតាំងខាងលើ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កំពុងស៊ើបអង្កេត តាមរកចាប់ខ្លួន រួមជាមួយ និងបក្ខពួកមួយចំនួនទៀត។

    ៣.អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញជនសង្ស័យ ស្ថិតក្នុងស្ថានភាពញៀន គ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ ព្រមទាំងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សា លើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួន ចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងនីតិវិធីច្បាប់។

    ៤-យើងខ្ញុំទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែន នៃវិជ្ជាជីវ: យើងខ្ញុំនឹងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យ តាមបែបកងកម្លាំងនគរបាលជាតិ។

    យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អ របស់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឱ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares