• បង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ បានចំនួន ៦នាក់ ដកហូតកាំភ្លើងខ្លី២ដើម, ម៉ូតូ៣គ្រឿង និងសម្ភារៈមួយចំនួន នៅភ្នំពេញ
    ដោយ admin  ថ្ងៃទី 31 May, 2020  ម៉ោង 09:16 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សមត្ថកិច្ចបង្ក្រាប មុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន៦នាក់ជាបន្ដបន្ទាប់ នៅខណ្ឌច្បារអំពៅ។

    លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា ការបង្ក្រាបនេះធ្វើឡើងនាយប់ថ្ងៃទី២៩ ខែឧសភា នៅចំណុចផ្ទះលេខ392 ផ្លូវលេខ367 ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលពួកគេធ្លាប់ធ្វើសកម្មភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

    ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ដែលចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាអ្នកដឹកនាំប្រតិបត្តិការ។

    ជនសង្ស័យទាំង៦នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបាននេះ ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ អាយុ៤៦ឆ្នាំ, ទី២៖ ឈ្មោះ ហុក ណារិន អាយុ២៩ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ាន ព្រឹមព្រៃ អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ ហ៊ុយ សុខា អាយុ៦៣ឆ្នាំ, ទី៥៖ ឈ្មោះ ជា រ៉ាន់ អាយុ៤៥ឆ្នាំ និងទី៦៖ ឈ្មោះ ទឹក សាអ៊ុ អាយុ៥២ឆ្នាំ។

    សមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក K59 ចំនួន២ដើម, ម៉ូតូចំនួន៣គ្រឿង, ទូរស័ព្ទចំនួន៥គ្រឿង និងម្សៅក្រាមពណ៌ស ចំនួន៥កញ្ចប់ធំ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារៈខាងលើឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares