• ស្ត្រីម្នាក់ ស្រវឹងខ្លាំង បើកឡានរេចង្កូតបុករះម៉ូតូកង់បីឥណ្ឌា ចំនួន៣គ្រឿង ដែលឈប់ចតស្ងៀម បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ
    ដោយ admin  ថ្ងៃទី 30 May, 2020  ម៉ោង 07:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តម៉ាស័រដា១គ្រឿង បើកបរដោយស្ត្រីម្នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតបុករះម៉ូតូកង់បីឥណ្ឌាចំនួន៣គ្រឿង ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលបុរីជីបម៉ុងឡេន តាមបណ្ដោយផ្លូវ១៥០០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    ដំបូងទ្បើយ គេឃើញស្ត្រីម្នាក់ស្រវឹងស្រា បានបើករថយន្ត ១គ្រឿងម៉ាក ម៉ាស័រដា CX-5 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-1268 និងក្មេងប្រុសម្នាក់ ដែលត្រូវជាកូន រួមដំណើរជាមួយ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ១៥០០ ក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅខាងស្ដាំដៃ ទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាកបាចា ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1P-6829 ដែលកំពុងឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទាតទៅបុកផ្ទុប និងបង់ថ្ម ដែលនៅលើខឿន រងការខូចខាតទាំងបង់ថ្មី និងម៉ូតូកង់បីឥណ្ឌាស្ទើរទាំងស្រុង។

    ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿន ក៏បន្តទៅបុកម៉ូតូកង់បីឥណ្ឌាចំនួនពីរគ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវជាមួយគ្នា។ ដោយមួយគ្រឿងម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F-7154 រងការខូចខាតស្ទើរទាំងស្រុង និងមួយគ្រឿងទៀត ម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ព្រៃវែង 1M-5956 រងការខូចខាតបន្តិចបន្តួច។ ដោយទ្បែករថយន្តបង្ក បានខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

    ភ្លាមៗនោះអ្នកបើករថយន្តបង្ក មិនព្រមចុះពីលើរថយន្តមកធ្វើការដោះស្រាយទេ បានព្យាយាមបើករថយន្ត គេចចេញពីកន្លែងកើតហេតុ ក៏ត្រូវម្ចាស់ម៉ូតូកង់បី រួមជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។ មួយសន្ទុះក្រោយមក គេឃើញមានខាងតំណាងរថយន្តបង្ក បានចេញមុខមកធ្វើការដោះស្រាយ ទទួលសុខត្រូវ ទៅលើម៉ូតូកង់បីឥណ្ឌាទាំង៣គ្រឿង។ ដោយសារអ្នកបើករថយន្តបង្ក ស្រវឹងខ្លាំងពេក ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើការឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការវាស់ជាតិអាកុល ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares