• បើក​កង់​បី​ឥណ្ឌាលឿន​ពឹកទៅបុក​បង្កាន់​ដៃ​ស្ពានអាកាស ៧មករា ​បណ្តាលឱ្យ​រងរបួស​២​នាក់
    ដោយ admin  ថ្ងៃទី 9 May, 2020  ម៉ោង 08:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កាលពីវេលាម៉ោង ២រំលងអធ្រាត្រថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបោះពួយ យ៉ាងលឿនបានគេចពីរថយន្តមួយគ្រឿងទៀត ដែលព្យាយាមបើកវ៉ាជែងមិនប្រយ័ត្នជ្រុល ទៅបុកនឹងបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឱ្យក្រពឹតកៀបជាប់តៃកុងក្នុងម៉ូតូកង់បីឥណ្ឌា
    ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចគល់ស្ពានអាកាស៧មករាផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

    សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាកបាចា ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ1HY-9358 និងមានបុរសម្នាក់ទៀតរួមដំណើរពីក្រោយ ដោយបើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុម៉ូតូកង់បីឥណ្ឌាខាងលើបម្រុង និងបើកឆ្ពោះឡើងស្ពានអាកាស៧មករា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានបើកមកពីក្រោយនិងព្យាយាម បើកវ៉ាជែងខាងឆ្វេងម៉ូតូកង់បីឥណ្ឌា។ ខណ:ពេលនោះម៉ូតូកង់បីឥណ្ឌាក៏បានកាច់ចង្កូតគេចចេញ ពីរថយន្តទៅខាងស្តាំរួច ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្ដាលឱ្យក្រពឹតកៀបតៃកុងជាប់ក្នុងម៉ូតូកង់បីរងរបួសធ្ងន់ធ្ងរ និងបុរសដែលជាអ្នករួមដំណើរបានរងរបួសស្រាល។ ចំណែកឯម៉ូតូកង់បីឥណ្ឌារងការខូចខាតក្រពឹតមួយកំណាត់ផ្នែកខាងមុខ។

    ភ្លាមៗនេះក៏មានសមត្ថកិច្ចមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានចុះមកជួយធ្វើការទាញ យកតៃកុងម៉ូតូកង់បីចេញមកខាងក្រៅ។ រួចក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពពន្លឺ ដឹកយកទៅសង្គ្រោះ។ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះមកធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិរបស់ជនរងគ្រោះមកយកត្រឡប់ទៅវិញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares