• ចិនរកឃើញករណីឆ្លង COVID-19 ចំនួន៤៦នាក់បន្ថែមទៀត និងគ្មានមនុស្សស្លាប់ កាលពីថ្ងៃពុធម្សិលមិញ
    ដោយ admin  ថ្ងៃទី 16 April, 2020  ម៉ោង 09:24 | អន្តរជាតិ

    (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេស ចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤៦ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដោយក្នុងនោះមាន ៣៤ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ១២ ករណីផ្សេងទៀតជាករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

    ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ១២ករណីខាងលើ មាន ០៥ ករណីត្រូវបានគេរាយការណ៍ចេញពីខេត្តក្វាងទុង (Guangdong), ០៤ ករណីចេញពីខេត្តហៃឡុងជាំង (Heilongjiang) និង ០៣ ករណីចុងក្រោយត្រូវបានរកឃើញនៅទីក្រុងប៉េកាំង។

    ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៨៩២នាក់ហើយ ដោយក្នុងនោះ ៧៦នាក់ទើបតែត្រូវបានគេព្យាបាលឱ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធទម្សិលមិញ។

    នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៣៤១ករណី ក្នុងនោះ ៣,៣៤២នាក់បានបាត់បង់ ជីវិត។

    និយាយជារួមសម្រាប់ថ្ងៃពុធ ទី១៥ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមចំនួន ៤៦ករណីនៅទូទាំងប្រទេស។ តែទោះជាយ៉ាងណា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៦ករណីនេះ មានតែ ១២ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់នៅថ្ងៃដដែលនេះ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares