• ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ តែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឱ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់
    ដោយ admin  ថ្ងៃទី 1 April, 2020  ម៉ោង 09:24 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ តែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឱ្យចំនួនអ្នកជាកើនរហូតដល់ ២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន ៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។

    សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ករណីអ្នកជាសះស្បើយមាន០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរ អាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅនៅខេត្តកំពត) ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៉ី និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៉ី បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកែប។

    ក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថា គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវបានយកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន៥.៧៦៨ករណីផងដែរ។

    ទោះជាយ៉ាងនេះក្តី ក្រុមការងារសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណិថ្មីជាបន្តបន្ទាប់ទៀត ហើយនឹងបន្តជម្រាបជូនដល់សាធារណជន ប្រសិនបើរកឃើញករណិវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត។

    គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares