• ពលរដ្ឋខ្មែរ សម្រុកចេញពីប្រទេសថៃ ចូលកម្ពុជាវិញ ក្រោយថៃប្រកាសបិទច្រកព្រំដែននៅថ្ងៃស្អែកនេះ
    ដោយ admin  ថ្ងៃទី 22 March, 2020  ម៉ោង 17:51 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលទៅប្រកបរបររកស៊ី និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានសម្រុកត្រឡប់ មកកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីប្រទេសថៃប្រកាសបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់មួយចំនួនទៀត រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ។

    មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយ ប៉ែត បានប្រាប់បណ្តាញព័ត៌មានកហនុងស្រុកថា ពលរដ្ឋខ្មែរដែលកំពុងចេញពីប្រទេសថៃមកកម្ពុជាវិញនៅពេលនេះ ភាគច្រើនជាអាជីវករខ្មែរដែលទៅប្រកបរបររកស៊ីក្នងផ្សារថៃ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរដែលធ្វើការងារនៅថៃ ហើយការវិលត្រឡប់នេះទំនងជាពួកគាត់ដឹងថា ប្រទេសថៃនឹងធ្វើការបិទច្រកព្រំដែនមួយរយៈ ទើបពួកគាត់ប្រញាប់ត្រឡប់មកវិញ។

    លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយ មានជ័យបានប្រាប់ថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ចំនួនពលរដ្ឋខ្មែរដែលវិលត្រឡប់ ពីប្រទេសមកកម្ពុជាវិញនាពេលនេះ នៅមិនទាន់បង្កផលវិបាកអ្វី សម្រាប់ក្រុមការងារសុខាភិបាល ប្រចាំនៅមាត់ច្រកទ្វារអន្តរជាត់ប៉ោយប៉ែតនេះនៅឡើយទេ ហើយក្រុមការងារបាននិងកំពុងធ្វើការពិនិត្យ បាញ់កំដៅ និងតាមដានសុខភាពពួកគាត់តាមធម្មតា ហើយក៏មិនទាន់ឃើញមានពលរដ្ឋណាម្នាក់មានបញ្ហអ្វីនោះទេ ។

    លោកបន្តថា ក្នុងនាមប្រធានមន្ទីរសុខាភិបាលម្នាក់ សុំអំពាវនាវដល់មន្ត្រីសុខាភិបាលតាមមូលដ្ឋានទាំងអស់ នៅ ពេលពួកគាត់វិលត្រឡប់ដល់មូលដ្ឋាន សូមឱ្យពួកគាត់បំពេញទំរង់ឯកសារនិងសុំឱ្យពួកគាត់នៅដាច់ដោយឡែកកុំច្របូកច្របល់ជាមួយក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ និងតាមដានសុខភាពគាត់ ជៀសវាង ក្នុងករណីគាត់មានផ្ទុកវីរុស Covid-19 នឹងអាចឆ្លងក្នុងសហគមន៍ នោះវានឹងធ្វើឱ្យយើងលំបាកខ្លាំង ព្រោះបច្ចុប្បន្ននេះកម្ពុជាយើងនៅមិនទាន់មានជំងឺនេះឆ្លងនៅក្នុងសហគមន៍នៅឡើយទេ។ ដូច្នេះហើយ ទើបយើងមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាមិនឲ្យមាន Covid-19 ឆ្លងពីសហគមន៍មួយទៅសហគមន៍មួយ ក្នុងប្រទេសកម្ពុជាយើង។

    គួរបញ្ចាក់ថា ជាមួយនឹងការបិទច្រកនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលកិច្ចប្រជុំទ្វេរភាគីកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយបានសម្រេច ៖
    *១-ភាគីថៃ ស្នើសុំបិទច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺ និងបឹងត្រកួន-តាប្រ៉ាយ៉ា រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០វេលាម៉ោង៦ និង០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ។
    *២-ភាគីថៃ ស្នើសុំបិទច្រកអន្តរជាតិប៉ោយប៉ែត រយៈពេល ១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០វេលាម៉ោង៦ និង០០ព្រឹក រហូតដល់ម៉ោង១០:០០យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យតែរថយន្តដឹកទំនិញធុនធំចេញចូលតែប៉ុណ្ណោះ ។ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋអាជីវករ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឱ្យចេញចូលនោះឡើយ ។
    *៣-ករណីការបញ្ជូនអ្នកជំងឺធ្ងន់ ភាគីទាំង២ អនុវត្តតាមអនុស្សរណៈយោគយល់គ្នាជាធរមាន។

    សូមរំលឹកផងដែរថា ក្រសួង​សុខាភិបាល​ធ្លាប់បានប្រកាស​ឱ្យអ្នក​ទេីបធ្វេីដំណេីរត្រលប់ពីបរទេសទាំងអស់​ ដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញា​ និង​សូមពិគ្រោះជំងឺជាមួយទូរស័ព្ទលេខ​ ១១៥​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares