• ថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 តែរថយន្តដឹកទំនិញចេញចូលធម្មតា
    ដោយ admin  ថ្ងៃទី 22 March, 2020  ម៉ោង 15:54 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយថៃអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។ ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។

    នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ ដែលប្រាបបណ្ដាញព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

    សេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ពោលរយៈពេល ១៤ថ្ងៃ ប្រទេសថៃ នឹងសម្រេចបិទជាបណ្ដោះអាសន្ន នៅច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ រួមមាន៖

    *ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង។

    *ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង។

    *ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។

    ជាមួយគ្នានេះ អាជ្ញាធរថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយកម្ពុជា ក៏បានចេញវិធានការបិទជាបណ្ដោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ តាមព្រំដែនរួមមាន៖
    *ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ត្រូវបានបិទនៅថ្ងៃទី១៨ ខែមីនា។

    *ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី១៩ ខែមីនា។

    *ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា។

    *ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា

    *ទី៥៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ត្រូវបានបិទនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។

    អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព តាមការណែនាំរបស់អាជ្ញាធរថៃ និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន។

    សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 ១៨៨ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៩៩នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares