• ចិន៖ ពីរថ្ងៃមកនេះគ្មានករណីឆ្លង COVID-19 ក្នុងប្រទេសសូម្បីតែ១ករណី ខណៈអ្នកជាសះស្បើយបន្តកើនឡើង!
    ដោយ admin  ថ្ងៃទី 20 March, 2020  ម៉ោង 09:07 | អន្តរជាតិ

    (ប៉េកាំង)៖ គ្មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ត្រូវបានរាយការណ៍នោះទេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទូទាំងប្រទេសចិន ខណៈទីក្រុងវូហានវិញទាំងករណីឆ្លងថ្មី និងករណីសង្ស័យអំពីការឆ្លង COVID-19 ក៏គ្មាននោះដែរ។ ជាការកត់សម្គាល់នេះជាថ្ងៃទីពីរហើយដែលប្រទេសចិន គ្មានករណីឆ្លងថ្មីកើតឡើងសូម្បីតែមួយករណីនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

    គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ីបានឲ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងខេត្តហ៊ូប៉ីទាំងមូល ដែលបូករួមទាំងទីក្រុងវូហានផងដែរនោះ មានចំនួន ៦៧,៨០០នាក់ បើគិតថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈតួលេខសរុប នៃអ្នកឆ្លងនៅទូទាំងប្រទេសចិនកើនដល់ ៨០,៩៦៧ករណី។

    ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧១,១៥០នាក់ហើយដោយក្នុងនោះ ៧៣០នាក់ទើបតែត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
    នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៩៦៧ ករណីខាងលើនៅទូទាំងចិនដីគោក មានអ្នកជំងឺចំនួន ៣,២៤៨នាក់ បានស្លាប់បាត់បង់ជីវិត។

    តាមរយៈតួលេខខាងលើ យើងអាចគណនាបានថា សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមីនាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៣៩នាក់ (ជាអ្នកដែលចូលមកប្រទេសចិន ឬអាចហៅបានថា ជាករណីនាំចូលជំងឺ COVID-19 ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ) និងស្លាប់ ០៣នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares