• ក្រសួងសុខាភិបាល៖ ការធ្វើតេស្ដរកកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់, មកដល់ ពេលនេះអ្នកសង្ស័យ១,១១២នាក់ ត្រូវបានធ្វើតេស្ដ
    ដោយ admin  ថ្ងៃទី 18 March, 2020  ម៉ោង 10:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា រាល់ការធ្វើតេស្ដរកវីរុសកូវីដ១៩ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បើទោះបីលទ្ធផលតេស្ដនោះអវិជ្ជមានក៏ដោយ។

    ការចេញមកបញ្ជាក់បែបនេះ របស់លោកស្រី ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយដោយភន្ដច្រឡំថា រាល់ការធ្វើតេស្ដរកកូវីដ១៩ទាំងឡាយណា ដែលលទ្ធផលអវិជ្ជមាន គឺតម្រូវឲ្យមានការបង់ថ្លៃ។

    អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានអះអាងថា គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនាម្សិលមិញ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើអ្នកដែលសង្ស័យ ចំនួន១,១១២នាក់ ក្នុងនោះរកឃើញ៣៥នាក់ ដែលវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាលបន្ដ។

    លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា មិនមានការយកថវិកាមកដល់ពេលនេះ តួលេខដែលខ្ញុំបានធ្វើតេស្ដត្រឹមយប់មិញនេះ យើងធ្វើតេស្ដបាន១,១១២ករណីហើយ ដែលចំនួននេះបូកទាំងអ្នកវិជ្ជមានដែលយើងរកឃើញ។ ក្នុង១,១១២ករណីនេះ យើងអត់មានយកលុយកាក់អីមួយរៀល រាជរដ្ឋាភិបាលជាអ្នកចេញបន្ទុកទាំងអស់»។

    ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានធ្វើការច្រានចោលទាំងស្រុង នូវព័ត៌មានដែលចែកចាយថា មានការយកលុយនៅពេលធ្វើតេស្ដរកកូវីដ១៩។ លោកស្រីបញ្ជាក់ថា ប្រសិនបើមានកន្លែងណាយកលុយរឿងធ្វើតេស្ដរកកូវីដ សូមទាក់ទងមកក្រសួងសុខាភិបាលជាបន្ទាន់។

    សូមជម្រាបថា គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន៣៥នាក់នោះរួមមាន៖
    ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
    ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
    ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
    ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
    ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
    ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
    ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
    ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
    ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
    ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
    ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
    ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
    ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
    ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
    ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
    ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
    ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
    ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
    ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
    ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
    ទី៣៤៖ ជនជាតិម៉ាឡេស៊ី
    ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares