• នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០! ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ចាប់ផ្តើមហើយនៅអាមេរិក ប៉ុន្តែវាត្រូវការពេលយូរខែទៀតទើបអាចចេញលទ្ធផល
    ដោយ admin  ថ្ងៃទី 17 March, 2020  ម៉ោង 08:50 | អន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ការធ្វើតេស្តវ៉ាក់សាំងលើមនុស្ស ដើម្បីប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) បានចាប់ផ្តើមហើយនៅសហរដ្ឋអាមេរិក ប៉ុន្តែវានៅត្រូវការពេលយូរខែទៀត ទើបអាចបញ្ជាក់បានថា វាពិតមានប្រសិទ្ធភាព និងមានសុវត្ថិភាព ក្នុងការប្រើប្រាស់ជាទូទៅបាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

    ការធ្វើតេស្ដវ៉ាក់សាំង មិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ ដោយវាត្រូវបានធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវសុខាភិបាលរដ្ឋវ៉ាស៊ីនតោន ខាយសឺ (Kaiser Permanente Washington Health Research Institute) ក្នុងទីក្រុងសៀតថល (Seattle) ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ជាមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤៥នាក់។

    ក្រុមអ្នកស្ម័គ្រចិត្តទាំង ៤៥នាក់ នឹងទទួលការចាក់វ៉ាក់សាំងផ្សេងៗពីគ្នា ដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នាដោយវិទ្យាស្ថាន NIH និង ក្រុមហ៊ុន ម៉ូឌែណា (Moderna) ហើយអ្នកចូលរួមទាំងនេះទៀតសោត នឹងមិនប្រឈមមុខនឹងការឆ្លងវីរុសនោះទេ ខណៈពួកគេមិនមានផ្ទុក COVID-19។ ការធ្វើតេស្ដលើវ៉ាក់សាំងនេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបើកផ្លូវឆ្ពោះទៅការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បើការធ្វើពិសោធន៍ខាងលើទទួលបានលទ្ធផលល្អ។

    សូមជម្រាបថា កញ្ចប់ថវិកា ៨.៣ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភាអាមេរិក នៅដើមខែមីនានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងនោះ ក៏មានកញ្ចប់ថវិកា ៣ពាន់លានដុល្លារ សម្រាប់ការស្រាវជ្រាវវ៉ាក់សុំាងផងដែរ។ បើតាមមជ្ឈមណ្ឌលអាមេរិក សម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៣,៤៨២ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ៦៥នាក់បានស្លាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares