• ជិះម៉ូតូមួយគ្រឿងគ្នាបីនាក់បើកលឿនទៅបុករថយន្តឆ្លងកាត់ផ្លូវស្លាប់ម្នាក់របួស ២នាក់
    ដោយ admin  ថ្ងៃទី 7 March, 2020  ម៉ោង 09:43 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងអ្នករួមដំណើតប្រុសស្រីពីរនាក់ទៀតបានរងរបួសធ្ងន់​ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុករថយន្តដឹកទំនិញធុនធំបើកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១១ និង ២៥ នាទីយប់ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ កែងនិងផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-4863 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើឆ្លងផ្លូវជាតិលេខ ៤ ឆ្ពោះទៅទិសខាងកើត ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IA-6055 ជិះដោយបុរសម្នាក់ រួមដំណើរនឹងបុរសស្រ្តីពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំកង់រថយន្តចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ រីឯអ្នកបើករថយន្តធុនធំឃើញសភាព​មិនស្រួល ​ចុះពីលើរថយន្តរត់គេចខ្លួនបាត់។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាម​ផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកតាម​រថយន្តទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares