• អតីតប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ​ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ​៨​ឆ្នាំ
    ដោយ admin  ថ្ងៃទី 28 February, 2020  ម៉ោង 13:27 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​នា​ល្ងាច​ថ្ងៃទី ២៨​ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ចៅក្រម​សាលាដំបូង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេចផ្តន្ទាទោសលើឈ្មោះ លៀម ប៊ុន​រឿន អតីត​ប្រធាន​មន្ទីរ​ខេត្តពោធិ៍សាត់ ពី​បទ​សម្អាត​ប្រាក់ បទ​រំលោភ​អំណាច និង​បទវិតិក្រម ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ៨ (​ប្រាំបី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨.០០០.០០០ លាន​រៀល ។

    បន្ថែមលើការផ្តន្ទាទោស ទ្រព្យសម្បត្តិ​មួយចំនួន​ដែលជា​ផល​នៃ​បទល្មើស ឬ​កើតចេញពី​ផល​ នៃបទល្មើសត្រូវតុលាការ សម្រេច​រឹបអូស​ទុក ជា​ទ្រព្យសម្បត្តិ​រដ្ឋ​មាន​ជាអាទិ៍​ដូចជា​៖
    -​អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​បុរី​ប៉េង​ហួត (​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ​) រាជធានី​ភ្នំពេញ​
    -​អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដូង​ជ្រុំ ខេត្តពោធិ៍សាត់
    -​អចលនវត្ថុ (​ដី​ផ្ទះ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ពានថ្ម ខេត្តពោធិ៍សាត់
    -​រថយន្ត​ចំនួន​មួយគ្រឿង ម៉ាក Lexus 570 ពណ៌​មាស សេរី​ឆ្នាំ​២០១០ មួយគ្រឿង​
    -​រថយន្ត​ម៉ាក KIA Morning ពណ៌ ស សេរី​ឆ្នាំ​២០១២ មួយគ្រឿង​
    -​និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ។​

    លោក​គុជ គឹម​ឡុង បា​នប​ន្ថែម​ថា​ អ្នក​ពាក់ព័ន្ធ ១-ឈ្មោះ តែ ប៊ុន​ថេ​ង អតីតមន្ត្រី​ច្រកចេញចូល​តែមួយ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល ២​ឆ្នាំ ៦​ខែ (​ពីរ​ឆ្នាំ ប្រាំ​មួយខែ​) និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០ (​ប្រាំ​លាន​) រៀល និង ២-​ឈ្មោះ ជាង វុទ្ធី អតីត​អនុប្រធាន​មន្ទីរ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ៣ (​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ ០០០ ០០០ (​ប្រាំ​លាន​) រៀល ពី​បទ​វិ​តិ​ក្រម។

    ការ​ផ្ដន្ទាទោស​នេះ​ ក្រោយ​ពី​តុលាការ​បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់​ នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​ទាមទារ​ប្រាក់​ពី​ក្រុមហ៊ុន​វិនិយោគ​រោងចក្រ​មួយ​ចំនួន​ដែល​បណ្ដាក់ទុន​រក​ស៊ី​នៅក្នុង​ខេត្ត​ពោ​ធិ៍​សាត់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares