• សិស្សវិទ្យាល័យជម្ពូវ័នម្នាក់ ជិះម៉ូតូល្បឿនលឿន ជ្រុលទៅបុកកន្ទុយរ៉ឺម៉ក បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 24 February, 2020  ម៉ោង 13:35 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ជម្ពូវ័នបានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉កម៉ូតូ ១គ្រឿងពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលផ្ទប់នឹងថ្នល់បែកហូរឈាម។

    សមត្ថកិច្ចបានឱ្យដឹងថាមជនរងគ្រោះឈ្មោះ សេន វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រភពបន្តថា នៅមុនពេលកើតហេតុក្មេងប្រុសខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HN-1852 ចេញពីផ្ទះទៅរៀន ជនរងគ្រោះរួមនឹងមិត្តភក្តិមួយចំនួនទៀត ក៏បាននាំគ្នាជិះម៉ូតូទៅដើរលេងក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម លុះក្រោយពីលេងអស់ចិត្ត បាននាំគ្នាជិះម៉ូតូត្រឡប់ទៅកាន់វិទ្យាល័យជម្ពូវ័នវិញ ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង និងរថយន្ត១គ្រឿងទៀត។

    លុះដល់កន្លែងកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តមិនស្គាល់ម៉ាក ដែលកំពុងបើកបរនៅខាងមុខ បានបន្ថែមល្បឿនលឿនដើម្បីចៀសគ្នា ដែលជាហេតុធ្វើឱ្យយុវសិស្សខាងលើ គេចចេញមិនទាន់ព្រោះតែបើកលឿនពេក ទើបបុកកន្ទុយរឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលបោកផ្ទប់ថ្នល់បែកហូរឈាម និងបាក់ដៃ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។ ចំណែករ៉ឺម៉កម៉ូតូ និងរថយន្តបានបន្តដំណើរទៅមុខទៀតបាត់ទៅ។

    ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះទៅអន្តរាគមន៍ភ្លាមៗ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares