• ទីបញ្ចប់ត្រូវជាប់ខ្នោះ ក្រោយពីគំរាមបង្ហោះរូបអាក្រាតកាយតាមបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ខឹងខាងស្រីជិតរៀបការ!
    ដោយ admin  ថ្ងៃទី 21 February, 2020  ម៉ោង 13:52 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ បុរសម្នាក់ ព្រោះតែខឹងនឹងនារីដែលខ្លួនធ្លាប់រស់នៅជាមួយគ្នាអស់ រយៈពេលជិត៣ឆ្នាំមកហើយ ជិតចូលរោងការ ក៏គំរាមកំហែងទៅខាងស្រីមិនឱ្យរៀបការដោយនិយាយថា ប្រសិនបើរៀបការ ខ្លួននឹងយករូបអាក្រាតកាយដែលបាននៅជាមួយគ្នានោះ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ជាហេតុធ្វើឲ្យខាងស្រីជាជនរងគ្រោះមានភាពភ័យខ្លាច និងខ្លាចមានភាពអាម៉ាស់ ក៏សម្រេចចិត្ដដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឱ្យធ្វើការចាប់ខ្លួនតែម្ដង ។

    ករណីនេះចាប់ខ្លួននេះ ធ្វើឡើងក្នុងរោងចក្រមួយកន្លែង ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេត្ដកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ។

    មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានអាយុ២២ឆ្នាំ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

    ប្រភពដដែលបន្ដថា កាលពីអំឡុងឆ្នាំ២០១៧ នារីរងគ្រោះ បានស្គាល់ និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយមក នារីរងគ្រោះ និងជនសង្ស័យក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតបានរួមរស់ជាមួយគ្នា ហើយជនសង្ស័យតែងតែថតរូបអាក្រាតកាយរបស់នារីរងគ្រោះទុកក្នុងទូរស័ព្ទដៃរបស់ខ្លួនជានិច្ច ។

    លុះមកដល់ឆ្នាំ២០១៩ នារីរងគ្រោះបានដឹងថា ជនសង្ស័យមានប្រពន្ធ និង មានកូនពីរនាក់ទៀត ទើបនាងសុំបែកគ្នា ប៉ុន្តែជនសង្ស័យមិនព្រមទេ ថែមទាំងនិយាយគម្រាមកំហែងថា មិនរៀបការទេ បើហ៊ានរៀបការ ខ្លួននឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះតែម្ដង ។ រហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នារីរងគ្រោះបានភ្ជាប់ពាក្យជាមួយគូរដណ្ដឹងរបស់ខ្លួន ខណៈភ្ជាប់ពាក្យបាន២ថ្ងៃ ជនសង្ស័យក៏បានឆាតប្រាប់ទៀតថា មិនឱ្យរៀបការទេ បើមិនដូច្នោះ ខ្លួននឹងធ្វើឱ្យនាង ត្រូវសងបណ្ណាការគេ និងគំរាមសម្លាប់ជាច្រើនលើកច្រើនសារ បន្ទាប់ មកជនសង្ស័យបានផ្ញើររូបអាក្រាតកាយរបស់នារីរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួន ទៅគូរដណ្តឹង និងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នារីរងគ្រោះ បានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ដោយមិនព្រមរៀបការជាមួយនារីរងគ្រោះឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០នេះក៏ដោយ ។

    ប្រភពដដែលបន្ដទៀតថា ដោយមានភាពអាម៉ាស់ និងត្រូវសងថ្លៃបណ្ដាការទៅខាង គូរដណ្ដឹង ក្រោយពីគូរដណ្ដឹងសុំផ្ដាច់ពាក្យ នារីរងគ្រោះក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីជួយអន្ដរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើយកមកចាត់ការតាមច្បាប់ ។ បន្ទាប់ពីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រតិស្រាលទទួលបានពាក្យបណ្ដឹង ពីនារីរងគ្រោះ ភ្លាមនោះក៏ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅក្នុងរោចក្រនៅមួយកន្លែងនៅរាជធានីភ្នំពេញ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares