• រថយន្តបង្កប់ទំនិញបង់ពន្ធគ្រប់ ទំនិញគេចពន្ធ ទំនិញខូច គុណភាព សុទ្ធតែជាប្រភពចំណូលក្រោមតុមិនចេះរីងស្ងួតរបស់ លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង?
    ដោយ admin  ថ្ងៃទី 7 February, 2020  ម៉ោង 08:51 | រាយការណ៍​ពិសេស

    (ខេត្តកំពង់ឆ្នាំង)៖ មន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា រហូតមកដល់​ពេលនេះ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងអគ្គនាយករងគយជាច្រើនរូបទៀតកំពុងរក្សា​ភាព​ស្ងៀមស្ងាត់បណ្ដោយឱ្យលោក ហ៊ា​ល ទូច សាង​ភាពល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ ដែលសូម្បីតែអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងក៏មានការលើកឡើងរិះគន់ចំពោះសកម្មភាព អវិជ្ជមានរបស់របស់សាខាគយដែលនាំឱ្យប៉ះពាល់ដល់ភាពស្អាតស្អំ មុខមាត់របស់ខេត្តកំពង់ឆ្នាំង។

    ប្រភពបានលើកឡើងថា លោក ហ៊ា​ល ទូច មួយរយៈ​ចុង ក្រោយនេះឈ្មួញដឹកជញ្ជូកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-ថៃ ក្នុង​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ ក្រុមការងារលោក ហ៊ាង ទូច បានរឹតបន្តឹងការត្រួតពិនិត្យទំនិញ ហើយត្រូវរងការគាបសង្កត់យកលុយក្រោមតុពីសំណាក់ ហ៊ា​ល ទូច កាន់តែ​ច្រើនឡើងៗ​។ ទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏ចៀសមិនផុតពីការចាប់កំហុសរបស់ លោក ហ៊ា​ល ទូច បានឡើយ ហើយតម្រូវឱ្យបង់ប្រាក់មិនអាចប្រកែកបានឡើយ។ ហើយ​រាល់​ការបង់​លុយ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​បង់ប្រាក់​នោះទេ​។ ដែលនេះចាត់ទុកថាជាការប្រមូលលុយច្រកហោប៉ៅ។

    ទន្ទឹមនឹងនេះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ ក៏ក្លាយជាប្រភពចំណូលដ៏មិនចេះរីងស្ងួត។ ម្យ៉ាងទៀតទៀតដោយសារក្រុមឈ្មួញដឹកទំនិញមួយចំនួនធំបង្កប់ទំនិញបង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ និងទំនិញហាមឃាត់ឬខូចគុណភាព ដែលធ្វើឱ្យលោក ហ៊ាល ទូច ចាប់កំហុស ហើយបើមិនដោះស្រាយលុយក្រៅផ្លូវការខ្លះទេ លោកនៅមានវិធានការតាមផ្លូវច្បាប់ ដែលកាន់តែធ្វើឱ្យមានការខូចខាតពេលវេលា និងការពិន័យកាន់តែអស់ប្រាក់ច្រើនជាងនេះទៅទៀត។ ករណីនេះបានផ្ដល់ឱកាសឱ្យលោក ហ៊ាល ទូច ជំរិតឈ្មួញបានតាមអំពើចិត្ត។ ហើយលោក ហ៊ាល ទូច តែងតែយកឈ្មោះថ្នាក់លើមកបន្លាចឈ្មួញបន្ថែម ដើម្បីបង្ខំឱ្យបង់ប្រាក់តាមការកំណត់។

    ប្រភពបញ្ជាក់ថា ក្នុងមួយថ្ងៃមួយថ្ងៃរថយន្តដឹកទំនិញពីព្រំ ដែនថៃមានរាប់រយគ្រឿង ចំណែករថយន្តដឹកទំនិញទៅកាន់ព្រំដែនថៃវិញដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដោយមិន រាប់បញ្ចូលករណីរថយន្តដឹកជញ្ជូនទំនិញដោយបង្កប់ទំនិញគេចពន្ធឬទំនិញខុសច្បាប់ ដែលត្រូវពិន័យ និងបង្គាប់ឱ្យបង់លុយក្រោមតុ និងចំណូលបានពីរថយន្តបង់ខែនោះផង គ្រាន់តែលោកគយសុំថ្លៃបាយក្នុងថ្ងៃ១រថយន្តចាប់ពី ១០ ម៉ឺនរៀល ២០ ម៉ឺនរៀល ដែលក្នុងមួយថ្ងៃ មន្ត្រីគយក្រោមបង្គាប់លោក ហ៊ាល ទូច អាចប្រមូលលុយបានខ្ទង់ម៉ឺនដុល្លារ។ ករណីនេះមានអ្នកនិយាយលេងសើចថាបើលោកគយខេត្តកំពង់ឆ្នាំងយកទៅទិញបាយហូបប្រាកដជាហូបរហូតដល់បែកពោះ ក៏មិនអស់លុយដែរ។

    ជុំវិញរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ា​ល ទូច ដូច​រៀបរាប់​ត្រួសៗ​ខាងលើនេះ​ទើប​មន្ត្រី​គយ​ក្នុង​អង្គភាព​សាខាគយ​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​អំពាវនាវ​ឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​មនិង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។ ដោយហេតុថា លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ ក៏ដូចជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជាច្រើនរូបទៀត ធ្វើ​មិនដឹងមិនឮអ្វីទាំងអស់ចំពោះរឿងនេះ។ ដូច្នេះហើយ​ទើប​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដើម្បី​បិទបាំង​រឿងអាស្រូវ​ពុក រលួយ បន្លាចមន្ត្រីក្រោមបង្គាប់ឱ្យខ្លបខ្លាចឥទ្ធិពល និងពេលខ្លះ បន្លាចពួកក្រុមឈ្មួញរកស៊ីដឹកទំនិញ ដើម្បីទាញយកលាភ សក្ការៈ។ តែគេពិបាកដឹងថា លោកគុណ ញឹម បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ។

    ទាក់ទិននឹងមតិចោទប្រកាន់ខាងលើនេះអង្គភាព គេហទំព័រខ្មែរអង្គរ មិនទាន់អាចសុំការបំភ្លឺ ពីលោក ហ៊ាល ទូច បាននៅឡើយ៕

    loading...
    shares