• អាជ្ញាធរក្រុងព្រះសីហនុ ចុះធ្វើការរុះរើសំណង់ ដែលសង់លើលើអូរ និងចំណីអូរ ដើម្បីបញ្ចៀសការលិចលង់នារដូវវស្សាខាងមុខ
    ដោយ admin  ថ្ងៃទី 4 February, 2020  ម៉ោង 08:16 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ កាលព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមការងារចម្រុះខេត្តព្រះសីហនុ បានបន្តចុះអនុវត្តសកាយប្រឡាយបើកមុខទឹក និងរុះរើសំណង់មិនរៀបរយ របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារដែលបានសាងសង់លើចំណីអូរ ចំណីផ្លូវ និងជាកន្លែងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតដែលមានទីតាំង នៅទល់មុខ សណ្ឋាគារ(អេម៉ារីអូ) ជិតនឹងព្រះរាជដំណាក់ ស្ថិតក្នុងក្រុមទី៣០​ ភូមិ៣​ សង្កាត់លេខ៣​ កក្រុងព្រះសីហនុ។

    ស្ត្រីពិការជើងម្នាក់ឈ្មោះ ទីម​ ទេវី​ បាន​ត្អូញត្អែរ​ថា​ គាត់​មិនបាន​តវ៉ា​ ឬហាមឃាត់ការចុះអនុវត្ត រករឿងផ្ទះសំបែង
    នោះទេ ប៉ុន្តែ​គាត់បាន​រស់នៅ​ទីនេះ​ជាង១០ឆ្នាំ​មកហើយ​ គាត់​មិនមាន​ឯកសារ​ពាក់ព័ន្ធ​នឹងដីនេះទេ មាន​តែ​សៀវភៅ​គ្រួសារ និងសៀវភៅស្នាក់នៅបញ្ជាក់ថា រស់នៅភូមិនេះ គាត់​មិនមាន​ដី​កន្លែង​ផ្សេង​ណាទៀតទេ​ គាត់​មាន​មុខរបរ​នៅទី​នេះ​ដោយ​លក់​កាហ្វេ​ ចិញ្ចឹម​កូនតូចៗ​។ គាត់ក៏បាន​សំណូមពរ​ដល់ថ្នាក់ដឹកនាំ​ខេត្ត​ និង សម្ដេច​មេត្តា​ជួយដល់​កូនចៅ​ផង​ ដោយ​ឱ្យមានគោលនយោបាយដោះដូរបន្តិចបន្តួចក៏បានសម្រាប់​ចិញ្ចឹម​គាតើ និងកូនតូចៗរបស់គាត់។

    សូមបញ្ជាក់ថា ប្រឡាយអូរសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុ មានចំនួន ៥ខ្សែស្មើនឹងប្រវែង ប្រមាណជាង ២៥គីឡូម៉ែត្រ បើតាមការពិនិត្យជាក់ស្តែង មានលំនៅដ្ឋាន តូចធំ ដែលសាងសង់ រំលោភលើដីអូរ មានចំនួន ប្រមាណជា (១០៩០ខ្នង) ក្នុងនោះ លំនៅដ្ឋាន ដែលប៉ះពាល់ និងត្រូវវាយកម្ទេចចោល ទាំងស្រុងមានចំនួនជិត ៣០០ខ្នង ក្រៅពីនេះ ផ្ទះខ្លះប៉ះពាល់ពាក់កណ្តាល និងមួយចំនួនទៀតប៉ះ ពាល់ទាំងស្រុង នេះបើតាមការប្រាប់ឱ្យដឹង ពីមន្រ្តីក្រុមការងាររដ្ឋបាល ក្រុងព្រះសីហនុបានកាលពីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០។

    ការចុះអនុវត្តន៍នៅទីតាំងនេះ គឺរលូនតាមផែនការរបស់ក្រុមការងារ ថ្នាក់ខេត្ត និងក្រុង មិនមានការជំទាស់ពីបងប្អូនប្រជាពលរដ្ឋម្ចាស់សំណង់ធំតូចនោះទេ បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋតាមនិតិវិធីចំនួន ២លើករួចមក។ អ្វីដែលជាសកម្មភាពល្អនោះគឺ បងប្អូនជាម្ចាស់ផ្ទះ ម្ចាស់សំណង់បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងខ្លះ ហើយតាមការស្នើសុំពីពលរដ្ឋ ក៏មានកម្លាំងចម្រុះរបស់អជ្ញាធរខេត្ត និងក្រុងព្រះសីហនុ បានជួយរុះរើ និងជួយសម្របសម្រួលការងារផ្សេងៗជូនដល់ពលរដ្ឋនៅនឹងកន្លែងផងដែរ។

    ជាមួយគ្នានេះ លោក គួច​ ចំរើន​ អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តព្រះសីហនុ ជួយគាំទ្រគម្រោងរបស់អាជ្ញាធរ ក្នុងការស្តារអូរប្រឡាយ ដើម្បីបើករំដោះជំនន់ទឹកភ្លៀង ចេញពីក្រុងព្រះសីហនុ នារដូវវស្សា បញ្ចៀសការលិចលង់ឱ្យមាន ប្រសិទ្ធភាព។ លោកអភិបាលខេត្តព្រះសីហនុតែងតែថ្លែងជា បន្តបន្ទាប់​ថា​ ក្នុងនាមរដ្ឋបាលខេត្ត ថ្លែងអំណរគុណដល់ពលរដ្ឋជាម្ចាស់សំណង់ពាក់ព័ន្ធនៅចំណុចផ្លូវអេម៉ារីអូរជិតព្រះរាជដំណាក់ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានការស្ម័គ្រចិត្តរុះរើសំណង់មិនរៀបរយចេញដើម្បីឱ្យអជ្ញាធររៀបចំប្រព័ន្ធរំដោះទឹកជំនន់ និងធ្វើផ្លូវស្របពេលមុនរដូវវស្សាជិតមកដល់។

    បញ្ហា​អូរប្រឡាយ​នេះ​ ប្រជាពលរដ្ឋ ក៏ដូចជាអ្នករស់នៅក្នុងខេត្តព្រះសីហនុ តែងតែស្នើសុំយ៉ាងទទូចឱ្យមានការរៀបចំឡើងវិញ ជៀសវាងការលិចលង់ដូចពេលកន្លងមក ចំណែក​ឯ​ពលរដ្ឋ​ដែលមាន​ការ​ប៉ះពាល់​រស់នៅ​លើ​ចំណីអូរប្រឡាយនោះ​ សុំឱ្យមានការសិក្សាដោយផ្ទាល់ពីបញ្ហារបស់ពួកគាត់​ដែលកំពុងជួបការលំបាកនេះ និងជួយសម្រាលដោះស្រាយគោលនយោបាយសមស្របអាមួយឲ្យពួកគាត់ដើម្បីបន្តជីវភាពរស់នៅពីការរុះរើបាត់បង់លំនៅដ្ឋាននេះ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares