• សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយជ្រុលដៃយកកន្សែងរឹតកសម្លាប់ប្ដីដោយសារភ្លើងប្រចណ្ឌ នៅខណ្ឌឫស្សីកែវ
    ដោយ admin  ថ្ងៃទី 22 January, 2020  ម៉ោង 08:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ស្ដ្រីម្នាក់បានយកកន្សែងរឹតកសម្លាប់ប្ដី ពេលកំពុងឈ្លោះប្រកែកគ្នា ដោយសារតែភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះគ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ស្ដ្រីជាជនសង្ស័យដែលជ្រុលដៃសម្លាប់ប្ដី ឈ្មោះ សុខ សុវណ្ណារ៉ា ហៅស្រីតូច អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ (នំបញ្ចុក) និងជនរងគ្រោះជាប្ដីឈ្មោះ ស្បោង គីម អាយុ៥៩ឆ្នាំ បម្រើការងារនៅ ក្រុមហ៊ុនឯកជន (បាញ់ថ្នាំសត្វល្អិត) ។ កម្លាំងសមត្ថកិច្ចចាប់ខ្លួនស្ត្រីសង្ស័យយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវភ្លាមៗ។

    មន្ដ្រីនគរបាលមូលដ្ឋាន បានអះអាងថា ពីរនាក់ប្ដីប្រពន្ធខាងលើ ពិតជាឧស្សាហ៍ឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ។ ប៉ុន្តែមិនដល់ថ្នាក់វាយតប់គ្នា រហូតបណ្ដាលភាគីម្ខាងៗ រងរបួសនោះទេ បើទោះបីបុរសរងគ្រោះជាប្ដី មុនពេលស្លាប់ផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃយ៉ាងណាក៏ដោយ។

    បើតាមចម្លើយសារភាពរបស់ជនសង្ស័យជាប្រពន្ធ នៅមុនពេលកើតហេតុខ្លួន បានទៅរែកនំបញ្ចុកលក់ដូចសព្វដង ប៉ុន្តែពេលត្រឡប់មកផ្ទះវិញទាំងហត់នឿយ បែរជាឃើញប្ដី៣ថ្ងៃហើយមិនហូបបាយ គឺហូបតែស្រា និងកំពុងសាសងស្នេហាជាមួយស្រីផ្សេងទៀត នៅលើគ្រែខាងមុខផ្ទះធ្វើឱ្យគាត់ទប់កំហឹងមិនបាន ក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក។ ស្រាប់តែបុរសជាប្ដីបបួលប្រពន្ធទៅសាលាសង្កាត់ ដើម្បីផ្ដិតមេដៃលែងលះគ្នាទាំងកំរោល។ ឮបែបនេះ និងទាំងខ្លួនកំពុងហត់ហេវអស់កម្លាំងផងនោះ ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំពុំបាន ក៏ស្ទុះទៅប្រតាយប្រតប់គ្នា ជាមួយបុរសជាប្ដីយ៉ាងស្អិត និងទាំងដៃកាន់កន្សែងយកមករិតកមិនលែង ដោយមិនបានដឹង ថាប្ដីស្លាប់បាត់បង់ជីវិតនោះទេ។

    បន្ទាប់ពីដឹងថាប្ដីដាច់ខ្យល់ស្លាប់ ដោយសារតែរិតក និងកន្សែង ស្ត្រីជាប្រពន្ធក៏បានរត់ទៅប្រាប់មេភូមិ និងទូរស័ព្ទទៅប្រាប់សាច់ញាតិខាងប្ដី។ ដោយមិនរត់ទៅណាឡើយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកក្បែរខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ និងប្រគល់សាកសពឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី និងឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យជាប្រពន្ធ យកសាកសួរតាមជំនាញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares