• សម្ដេច​ក្រឡាហោម ស ខេ​ង៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា ដល់​កម្រិត ប្រកាស​អាសន្ន​ហើយ!
    ដោយ admin  ថ្ងៃទី 22 January, 2020  ម៉ោង 07:33 | សន្តិសុខ​សង្គម

    (​ភ្នំពេញ) ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ប្រកាស​ថា អត្រាកំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ កើតឡើង​ចំនួន​៤១២១ លើក សម្លាប់​មនុស្ស ១៩៨១​នាក់ និង​រង​របួស ៦១៤១​នាក់ គឺ​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ ។​

    ​សម្តេច​ក្រឡាហោម បាន​គូសបញ្ជាក់​ថា តួលេខ​នេះ ជា​តួលេខ​មួយ​ខ្ពស់ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ត្រូវ​តែ​ចូលរួម​ទប់ស្កាត់​ការ​កើត​គ្រោះថ្នាក់​ចរាចរ​នេះ ។​

    ​សម្តេច ស ខេ​ង បាន​គូសបញ្ជាក់​ដូច្នេះ «​ជា​តួលេខ​មួយ​ដែល​យើង​ត្រូវ​តែ​ប្រកាស​អាសន្ន​ហើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មិន​ថា​តែ​ផ្នែក​ណា​ទេ ព្រោះ​វា​កើតឡើង​ច្រើន​ពេក​» ។ ដូច្នេះ​សម្តេច​ក្រឡាហោម បាន​ណែនាំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​រក​វិធី​ដោះស្រាយ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពោល​គឺ​រក​វិធី​បែប​ណា ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ភ្ញាក់រលឹក គោរព​ច្បាប់ មិនមែន​ខ្លាច​ប៉ូលិស​ចរាចរណ៍​នោះ​ទេ ។​

    ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើត​ចំនួន ៤,១២១​លើក សម្លាប់​មនុស្ស ១,៩៨១​នាក់ និង​រង​របួស ៦,១៤១​នាក់ ។ គិត​ជា​មធ្យមភាគ​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់ ៥.៤​នាក់ ។​

    ​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​ភាគច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៤៨​នាក់ តាម​ពីក្រោយ​ដោយ​ខេត្ត​ព្រះ​សីហ​នុ ស្លាប់​១៤៩​នាក់ និង​ខេត្តកណ្តាល​ស្លាប់ ១៤៣​នាក់ ។​

    ​អត្រា​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ​២០១៩ កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។ ក្នុង​នោះ​អ្នក​ស្លាប់​កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នក​រង​របួស​កើន ១,៣៧១​នាក់ ស្នើ​នឹង​ប្រមាណ ២៩​ភាគរយ ។​

    ​ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​រួម​មាន ការ​បើកបរ​លើស​ល្បឿន​កំណត់ ៣៨​ភាគរយ​, មិន​គោរព​សិទ្ធិ ២៣​ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែង ៩​ភាគរយ​, ស្រវឹង​៥​ភាគរយ​, កត្តា​យានយន្ត ២​ភាគរយ និង​ងងុយដេក ១​ភាគរយ​។​

    ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​នេះ ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ ដែល​មាន​ចំនួន ១,៥៤២​នាក់ នៃ​ចំនួន​អ្នក​ស្លាប់​សរុប ១,៩៨១​នាក់ ស្មើនឹង ៧៨​ភាគរយ ។ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ១,១៨៦​នាក់ ស្មើនឹង ៧៧​ភាគរយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares