• ប្រធាន​មន្ទីរ​អប់រំរាជធានីភ្នំពេញ​ ហៅសិស្សបង្កទាំង​៤នាក់​ មកទូន្មាន​ជាថ្មី ​និងសំណូមពរឱ្យអាណាព្យាបាលបញ្ឈប់ការគុំកួនគ្នា
    ដោយ admin  ថ្ងៃទី 21 January, 2020  ម៉ោង 11:34 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ ​ដឹកនាំ​កិច្ច​ប្រជុំ​បន្ទាន់​ស្ដីពី​ករណីបាតុភាព ទំនាស់ ហិង្សា ដែល​បង្ក​ដោយ យុវតី៤រូបមកពីវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងសាលាទួនហ្វា ទៅ លើ​យុវតី​មួយ​រូប​នៅ​វិទ្យាល័យ ហ៊ុន សែន ​ប៊ុនរ៉ានី ផ្សារ​ដើម​ថ្កូវ។

    កិច្ចប្រជុំ​នេះ​បានប្រព្រឹត្តទៅក្នុងគោលបំណងណែនាំដល់អាណាព្យាបាល និង​សិស្ស​បង្ក៖
    -ទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត
    -សូមអភ័យទោសចំពោះសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងមក
    -ប្ដេជ្ញាចិត្តមិនឱ្យសកម្មភាពនេះកើតឡើងជាថ្មី
    -ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីតម្កល់ទុកជាឯកសារ

    សូមជម្រាបថាជាធម្មតាការដាក់ទណ្ឌកម្មទៅលើសិស្សានុសិស្សដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងសាលាមានបីកម្រិត៖
    ១.ស្ដីបន្ទោសជាលាយលក្ខណ៍អក្សរ
    ២.ស្ដីបន្ទោសដោយចារលើសៀវភៅសិក្ខាគារិក
    ៣.បញ្ឈប់ការសិក្សា

    ក្នុងឱកាសនៃកិច្ចប្រជុំនេះប្រធានមន្ទីររាជធានីភ្នំពេញបានទូន្មានដល់សិស្សបង្កទាំង ៤នាក់ និង​សំណូម​ពរដល់អ្នកអាណាព្យាបាល៖
    -បញ្ឈប់​ការគុំកួនគ្នា និង​បញ្ឈប់សកម្មភាព​ហិង្សា​ខ្វះ​សីលធម៌​ល្មើស​វិន័យ

    -គោរពបទបញ្ជាផ្ទៃក្នុងសាលា និងខិតខំប្រឹងប្រែងរៀនសូត្រ​ដើម្បីក្លាយ​ជា​ធនធានមនុស្សមានប្រយោជន៍​សម្រាប់​សង្គម
    -សូម​អាណាព្យាបាល​សិស្ស​ជួយ​អប់រំ​ណែនាំកូនបន្ថែម​នៅ​ក្រៅ​ម៉ោង​សិក្សា និងតាមដានការសិក្សាកូន
    -អាណាព្យាបាល​ត្រូវសហការជាមួយ​សាលាពាក់ព័ន្ធ​នឹង​ការ​សិក្សា​របស់សិស្ស

    ដោយឡែក​ក្នុង​ឱកាសនោះផងដែរ អាណាព្យាបាល សិស្ស​បង្ក​ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរ គណៈគ្រប់គ្រងសាលា ដែល ​បានយកចិត្តទុកដាក់ចំពោះករណីនេះ ព្រមទាំងសន្យាថានឹងធ្វើការណែនាំអប់រំកូនៗ ព្រមទាំងចូលរួមសហការជាមួយសាលា​បញ្ឈប់សកម្មភាពដែលធ្លាប់កើតឡើងកន្លងមក។

    ជាមួយគ្នានេះសិស្សបង្កទាំង៤នាក់ ក៏បានបង្ហាញការសោកស្ដាយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តកន្លង​មកសន្យាថា មិនឱ្យសកម្មភាពនេះកើតឡើងជាថ្មីដោយខិតខំរៀនសូត្រធ្វើជាកូនល្អសិស្សល្អមិត្តល្អ។

    ក្នុងឱកាសនោះផងដែរយុវសិស្សស្រ៊ុនកែវមរកតដែលជាជនរងគ្រោះនិងម្តាយបានលើកលែងទោសចំពោះ​សិស្សបង្កទាំង៤នាក់ មិនមានការគុំកួនបន្តនិងសំណូមពរសិស្សានុសិស្សទូទាំងប្រទេសមេត្តាកុំយកគំរូតាមដោយខិតខំរៀនសូត្រ និងសូមអាណាព្យាបាលទាំងអស់យកចិត្តទុកដាក់ចំពោះការសិក្សាកូនៗរបស់ខ្លួន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares