• នាយរងប៉ុស្តិ៍នគរបាលម្នាក់ ត្រូវបានជនល្មើសដណ្តើមយកកាំភ្លើហបាញ់សម្លាប់ និងនាយប៉ុស្តិ៍រងរបួសធ្ងន់ ខណៈពេលចុះអន្តរាគមន៍ករណីអំពើហិង្សានៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
    ដោយ admin  ថ្ងៃទី 19 January, 2020  ម៉ោង 13:25 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ នាយករងប៉ុស្តិ៍នគរបាលចំបក់ ស្រុកភ្នំស្រួចម្នាក់ ត្រូវបានជនល្មើសបាញ់សម្លាប់ និងនាយប៉ុស្តិ៍ម្នាក់ទៀត ត្រូវរបួសធ្ងន់ ក្នុងពេលដែលពួកគាត់ចុះអន្តរាគមន៍ ករណីអំពើហិង្សាមួយ ដែលកើតឡើងនៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

    អាជ្ញាធរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ជាក់អំពីដើមហេតុដែលនាំឲ្យមានករណីឃាតកម្មនេះថា នៅម៉ោង៧ និង០០នាទី ដល់ ៨ និង០០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីអំពីហឹង្សាមួយ បានកើតឡើងនៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ដែលបង្កឡើងដោយឈ្មោះ ទូច ហេង ភេទប្រុស អាយុ២៨ឆ្នាំ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ បានបង្កអំពើហិង្សាវាយទៅឈ្មោះ ចន សុខវី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា នៅនឹងផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានស្ទុះមករកកាប់ឈ្មោះ ចន សុខវី ។ ប៉ុន្តែជនរងគ្រោះបានរត់គេចខ្លួនរួច ជនសង្ស័យបន្តទៅវាយយាយ និងតារបស់ជនរងគ្រោះ ពេលនោះម្ដាយក្មេករបស់ឈ្មោះ ចន សុខវី បានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ ក្នុងការជួយធ្វើអន្តរាគមន៍។

    មួយសន្ទុះលោកនាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍នគរបាលឃុំចំបក់ ក៏បានមកដល់ ពេលនោះជនសង្ស័យឈ្មោះ ទូច ហេង ស្ទុះទៅវាយ និងប្រតាយប្រតប់ជាមួយលោក ទុយ ពៅ នាយរងប៉ុស្តិ៍ឃុំចំបក់ ហើយក៏មានការតដៃគ្នា ជនសង្ស័យបានដណ្តើមយកបានកាំភ្លើងខ្លី ម៉ាក K59 របស់លោក ទុយ ពៅ ហើយបានបាញ់មកលើ លោក ទុយ ពៅ រួចហើយ
    បានបន្តមកដេញបាញ់លោក រស់ សារិន នាយប៉ុស្តិ៍នគរបាលឃុំចំបក់ទៀត តែដោយសារកាំភ្លើងនោះអស់គ្រាប់ លោកនាយប៉ុស្តិ៍ឃើញស្ថានភាពនេះ ក៏ស្ទុះទៅចាប់ជនសង្ស័យជាមួយឈ្មោះ ចន សុខវី ទើបចាប់ជនសង្ស័យឈ្មោះ ទូច ហេង បាន។

    ភ្លាមនោះដែរ ប្រជាពលរដ្ឋក៏បានដឹក លោក ទុយ ពៅ នាយរងប៉ុស្តិ៍នគរបាលឃុំចំបក់មន្ទីរពេទ្យ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរលោក ទុយ ពៅ ដាច់ខ្យល់តាមផ្លូវ សាកសពត្រូវប្រគល់ ជូនក្រុមគ្រួសាររៀបចំពិធីបុណ្យតាមប្រពៃណី។

    ករណីនេះលោក រស់ សារិន នាយប៉ុស្តិ៍បានរងរបួសបែកខ្ទង់ច្រមុះ ត្រូវរថយន្តបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកជនសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួននិង ចាត់វិធានការណ៍ផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares