• អគ្គស្នងការនគរបាលជាតិដាក់ចេញផែនការ ៦ចំណុច ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
    ដោយ admin  ថ្ងៃទី 17 January, 2020  ម៉ោង 10:13 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានដាក់ចេញផែនចំនួន ៦ចំណុចសំខាន់ៗ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ប្រជាជនចិន វៀតណាម និងកូរ៉េ។

    ក្នុងសេចក្ដីណែនាំនេះត្រូវបានចែករំលែកដល់បណ្ដាញព័ត៌មាន នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ផែនការដែលបានដាក់ចេញដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន៖

    *ទី១៖ យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។

    *ទី២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។

    *ទី៣៖ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្ដតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។

    *ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។

    *ទី៥៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មាន ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ ដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

    *ទី៦៖ ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផល នៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ ផ្ញើមកសេនាធិការដ្ឋាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ជាកំណត់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares