• នៅពេលចុះបង្ក្រាប ជនសង្ស័យជួញដូរថ្នាំញៀន ដកកាំភ្លើងខ្លីបាញ់តដៃ ជាមួយសមត្ថកិច្ចជាច្រើនគ្រាប់
    ដោយ admin  ថ្ងៃទី 24 December, 2019  ម៉ោង 07:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ (ក៦) សហការជាសមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការប្រដេញបង្ក្រាបជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ហើយជនសង្ស័យបានបាញ់តបត ជាមួយសមត្ថកិច្ចជាច្រើនគ្រាប់។ ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ក្នុងដីឡូត៍លេខ៩០ ជិតច្រកចូលសកលវិទ្យាល័យបញ្ញាសាស្ត្រ តាមបណ្ដោយផ្លូវ៣១៥ ក្រុមទី៣៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

    កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានរៀបរាប់ឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ មាស សិលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះកើតហេតុ និងបក្ខពួកម្នាក់ទៀតឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅទីតាំងកើតហេតុ។

    ប្រភពដដែលបន្តថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃអគ្គស្នងការនគរបាលជាតិ បានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ មាស សិលា និងបានធ្វើការប្រើជំនាញ រួមទាំងដាក់កម្លាំងពួនស្ទាក់ រង់ចាំចាប់ជនសង្ស័យខាងលើ ខណ:ដែលជនសង្ស័យ ជិះម៉ូតូមកធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រង់ចំណុចខាងមុខមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

    បន្ទាប់មកដោយជនសង្ស័យ បានដឹងខ្លួន ក៏ជិះម៉ូតូរត់គេចខ្លួនពីចំណុចខាងលើ តែពេលនោះកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃអគ្គស្នងការនគរបាលជាតិ ក៏ជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះមាស សិលា បានចុះពីលើម៉ូតូ និងដកកាំភ្លើងខ្លីមួយដើម បាញ់មកលើសមត្ថកិច្ចចំនួនបួនគ្រាប់ រួចក៏រត់ចូលទៅសំងំនៅខាងក្នុងផ្ទះកើតហេតុ។

    ភ្លាមៗនោះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃអគ្គស្នងការនគរបាលជាតិ បានធ្វើការរាយការណ៍ និងសហការជាកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ។ មួយសន្ទុះក្រោយមកទៀត កម្លាំងសមត្ថកិច្ច បានធ្វើការទម្លុះទ្វារផ្ទះកើតហេតុ ចូលទៅខាងក្នុង ក៏ឃើញជនសង្ស័យខាងលើ រួមទាំងបក្ខពួក កំពុងសំងំដេកធ្វើជាមិនដឹងរឿង។ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួចនាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកតែម្ដង។

    ប្រភពដដែលបានបញ្ជាក់ថា វត្ថុតាងដកហូតបាន៖
    -ថ្នាំញៀនប្រភេទក្រាមសថ្លា១កញ្ចប់ធំ, -កាំភ្លើងខ្លីមួយដើម ម៉ាកSIGSOWERP320 ពណ៌ខ្មៅ មានគ្រាប់ចំនួន៦ គ្រាប់
    -ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GD-4729។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការប្រគល់បន្តទៅឱ្យមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) នៃអគ្គស្នងការនគរបាលជាតិ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares