• បុរសរងការចោទថាចូលបន្ទប់ទឹកស្រីៗលួចថតរូបនោះជាគ្រូបង្រៀន និងជាសមាជិករបស់ ស.ស.យ.ក ដែលថៅកែហ្គារ៉ាស់សាំងptt ព្រួតគ្នាវាយនោះបានចេញមកបកស្រាយ
    ដោយ admin  ថ្ងៃទី 18 December, 2019  ម៉ោង 09:21 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រោយពីផ្ទុះហិង្សាបង្កឡើងដោយកូនប្រុសរបស់លោក ច័ន្ទ សារុន តំណាងរាស្រ្តខេត្តតាកែវ ជាម្ចាស់ហ្ការ៉ាស់សាំង PTT ដែលបានវាយធ្វើបាបគ្រូបង្រៀនម្នាក់ និងជាសមាជិករបស់ ស.ស.យ.ក ឡើងទ្រោមខ្លួនរបួសធ្ងន់ ដោយចោទថា អុកឡុក និងចូលបន្ទប់ទឹកលួចថតស្រីៗ។ នៅពេលនេះជនរងគ្រោះបានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Em Sereyrath MA ដោយបានបញ្ជាក់ ស្រាយបំភ្លឺហេតុការទាំងនោះហើយថា «ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ! សូមរលឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ)។
    លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី ១៦ ធ្នូដែរ) ។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។

    ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ ។

    ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ៖

    ១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលិស ព្រោះប្រទេសមានច្បាប់ ។

    ២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

    ៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។

    ៤.ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។

    ៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares