• បញ្ជូនមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន ៣នាក់ នៅខេត្តមណ្ឌលគិរី ទៅតុលាការ ក្រោយរកឃើញពាក់ព័ន្ធជាមួយជនជាតិវៀតណាមប្រព្រឹត្តបទល្មើសពព្រៃឈើ
    ដោយ admin  ថ្ងៃទី 27 July, 2019  ម៉ោង 16:22 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនខ្លួនមន្ដ្រី ៣នាក់ទៀត មាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី។

    មន្ដ្រីទាំង៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែ  ឆ្នាំ២០១៩ រួមមាន៖ ទី១- លោក ហាន សាខន អាយុ៤៨ឆ្នាំ មានតួនាទីជា នាយកដែនជម្រកសត្វព្រៃភ្នំព្រេច និង លំផាត់។ ទី២- លោក សារូ រតនា អាយុ៤៦ឆ្នាំ នាយករងរដ្ឋបាលព្រៃឈើ និងទី៣- លោក ហ៊ុន វណ្ណេ អាយុ៥៣ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់។

    លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ទៀតថា មន្ដ្រីទាំង៣រូបនេះ ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើជាមួយ ក្រុមហ៊ុនប៉ាស៊ីហ្វិក ដែលក្នុងនោះ ក៏ជាប់ពាក់ព័ន្ធជាមួយក្រុមជនជាតិវៀតណាម ដែលត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះផងដែរ។

    យ៉ាងណាក៏ដោយ សម្រាប់ជនដែលពាក់ព័ន្ធផ្សេងទៀត មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនៅឡើយទេ ដោយ សារតែការចាប់ខ្លួនបន្ដទៀតនោះ ដោយយោងទៅតាមការឆ្លើយដាក់បន្ទុក មានសាក្សី ភ័ស្ដុតាង និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

    ជាមួយគ្នានេះ អតីតមេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា លោក សាក់ សារុន ដែលជាបងប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏ត្រូវតុលាការចេញដីកាឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ នោះដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares