• សពមន្ដ្រីយោធា ជិះម៉ូតូឆ្លងស្ពានធ្លាក់ចូលទឹក បានរកឃើញហើយ
    ដោយ admin  ថ្ងៃទី 26 July, 2019  ម៉ោង 08:11 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង)៖ មន្ដ្រីយោធា២នាក់ ដែល ជិះម៉ូតូឌុបគ្នាបាក់ស្ពានធ្លាក់ចូលទឹកហូគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំង ពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៩នេះ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ នៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។

    លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន ថា សពមន្ដ្រីយោធាម្នាក់ ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧ និង៤១ នាទីព្រឹកនេះ ដែលមានឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ និងមានជំងឺគ្រុនចាញ់ ហើយរហូតមកដល់ម៉ោង ជាង៨ព្រឹកនេះ សពម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នា ដែលមានចម្ងាយ៥០០ម៉ែត្រពីសពដែលរកឃើញដំបូង។

    សូមជម្រាបថា មន្រ្តីយោធាខ្មែរ២រូប ដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង កន្លែងដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរ ទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។

    យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសលនេះ មានឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភី នីដាលិ។ ពួកគេបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ព ដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ព កាលពីឆ្នាំ២០១៨។

    យោងតាមមន្ដ្រីយោធា នៃយោធភូមិភាគទី១ ជនរងគ្រោះឈ្មោះ ភីនី ដាលិ មានតួនាទីជា នាយក្រុមស៊ើបការណ៍ មានស្រុកកំណើតនៅផ្សារតានី ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងម្នាក់ទៀតឈ្មោះ សុខ សុវណ្ណឌី មានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។ គ្រាដែល ព័ត៌មាន នៃគ្រោះអកុសលរបស់យុទ្ធជនខ្មែរទាំងពីររូបកំពុងទទួលបានការអានិតអាសូរខ្លាំងពីមហាជននោះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares