• កាកសំណល់សំរាម៨៣កុងទឺន័រ ឈ្មួញចូលកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ចគយ និងបរិស្ថានបង្ក្រាប និងបន្តស្រាវជ្រាវស្វែងរកក្រុមហ៊ុននាំចូលដើម្បីបញ្ជូនទៅកាន់ប្រភពដើមវិញ
    ដោយ admin  ថ្ងៃទី 16 July, 2019  ម៉ោង 16:26 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេស ត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាបបាននៅខេត្តព្រះសីហនុ។ ដោយនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩នេះ ក្រសួង បរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បាន សម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ ផែខេត្តព្រះសីហនុ។

    ការគាស់ទូរកុងទឺន័រនៅរសៀលនេះ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ។

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃនេះថា «សមត្ថកិច្ចកិច្ចនឹងកំណត់ថា ទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា»។

    លោកបានបន្តថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័ត ដែលបានចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធភាព លើការនាំចូលទំនិញហាមឃាត់សំរាមនេះ។

    សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាត ឲ្យមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ កម្ពុជាមិនមែនជាធុងសំរាម សម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ច នឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares