• រថយន្តធុនធ្ងន់ បុករះរថយន្តបួនគ្រឿង និងផ្ទះបង្កឱ្យមនុស្ស០៤នាក់រងរបួស
    ដោយ admin  ថ្ងៃទី 13 July, 2019  ម៉ោង 16:28 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្តធុនធ្ងន់បើកចុះចំណោតបានជ្រុលទៅបុករះយ៉ាងកំរោលលើរថយន្ត៤គឿង និងផ្ទះប្រជាពលរដ្ឋ បង្កឱ្យមនុស្ស៤ នាក់រងរបួសស្រាល។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨ និង០០នាទីល្ងាចថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវចុះទៅវត្តអូរត្រេះត្រង់ចំណុចចំណោតអាឡាំងឌឺឡុង ក្រុងព្រះសីហនុ។ ក្រោយបង្កហេតុអ្នកបើកបររត់គេចខ្លួន។

    សមត្ថកិច្ចឱ្យដឹងថា រថយន្តបង្កម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ3A-1447 បើកក្នុងទិសដៅពីជើង ឆ្ពោះទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបានបុករះប៉ះនឹងរថយន្តចំនួន០៤គ្រឿងទិសដៅស្របគ្នាធ្វើបណ្តាលឱ្យរថយន្តខ្លះក្រឡាប់ ខ្លះទៀតធ្លាក់ចេញពីផ្លូវ រួចជ្រុលទៅប៉ះផ្ទះប្រជាពលរដ្ឋ១ខ្នងទៀតបង្កឱ្យផ្ទះនោះរងការខូចខាតផ្នែកមុខខ្លះ។ ម្ចាស់ផ្ទះឈ្មោះ ញ៉ាញ់ ញ៉ោញ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ សន្តិសុខមានទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    ប្រភពបន្តថា រថយន្ត៤គ្រឿងរងការខូចខាត៖
    ទី១-រថយន្តម៉ាក CAMERY ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2C-2435 អ្នកបើកបរឈ្មោះ ស៊ូ ណៃ ភេទប្រុស អាយុ ៣៥ឆ្នាំ រួមដំណើរជាមួយប្អូនឈ្មោះ ស៊ូ ជឹង ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទី២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AL-8581 អ្នកបើកបរឈ្មោះ ជីម រ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី ទីលំនៅរាជធានីភ្នំពេញ។ ទី៣-រថយន្តម៉ាក NISANAVARA ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2U-9486 អ្នកបើកបរឈ្មោះ យន ហាន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មេការរថយន្តបេតុង មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
    ទី៤-រថយន្ត ម៉ាក NISSAN ពណ៌ ខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំKPS-0597 អ្នកបើកបរឈ្មោះ លាង ណាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត រួមដំណើរជាមួយប្រពន្ធឈ្មោះ ឡាយ សារី អាយុ ៣៣ឆ្នាំ និងកូនស្រី ០១នាក់ មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

    ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្ត០៥គ្រឿងខូចខាតធ្ងន់សមត្ថកិច្ចជំនាញស្ទូចយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares