• គយចល័តតំបន់៣ និងសាខាគយខេត្តព្រះសីហនុចុះត្រួតពិនិត្យឃ្លាំងម៉ាស៊ីនភ្លើង២កន្លែងរបស់ជនជាតិចិន ដោយរកឃើញម៉ាស៊ីនជាងភ្លើង៦០គ្រឿងអត់បង់ពន្ធ!
    ដោយ admin  ថ្ងៃទី 12 July, 2019  ម៉ោង 09:54 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក កែវ អង្កាម មេភូមិភាគគយចល័តត្រួតត្រា៥ខេត្ត នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសហការជាមួយលោក ទុំ ណូប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដោយចូលចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជ អាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្ព្រះសីហនុ និងមានការសម្របសម្រួលពី លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញា សៀង សុខ និងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តផ្ទាល់តាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។

    សមត្ថកិច្ចចម្រុះខាងលើបានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំង លក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន ដែលមានទីតាំងដូចខាងក្រោម៖ ១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មាននៅឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន។
    ២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។

    បើតាមមន្ត្រីគយថ្លែងថា ក្នុងពេលឆែកត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិន ទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនិតិវិធីគយ។ ករណីនេះសមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្នរួចហើយតម្រូវឱ្យម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធនិងបើគ្មានឯកសារត្រឹមត្រូវ តម្រូវឱ្យម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាក ពិន័យតាមនិតិវិធីច្បាប់គយ។

    មន្ត្រីគយថ្លែងបញ្ជាក់ដែរថា សកម្មភាពបង្ក្រាបទំនិញគេច ពន្ធនេះ គឺអនុវត្តតាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសឱ្យប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares