• ទីតាំងស្តុកឈើ និងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ ២កន្លែងសមត្ថកិច្ចបង្ក្រាបដកហូតឈើ និងសម្ភារៈ ម្ចាស់ធ្វើកិច្ចសន្យារួចដោះលែង
    ដោយ admin  ថ្ងៃទី 11 July, 2019  ម៉ោង 10:00 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ ជារឿងដ៏កម្រ ក្នុងរយៈពេលពេញពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ នៅក្នុងខេត្តព្រះវិហារ បានបង្ក្រាបទីតាំងសិប្បកម្មលួចលាក់កែច្នៃឈើឥតច្បាប់ និងទីតាំងស្តុកឈើដុះស្លែ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទីតាំងទី១ ស្ថិតនៅក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ និងទី២ក្នុងភូមិរុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    ការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រ៊ុន ឡេងសៀក នាយរងសេនាធិការប្រចាំទិសស្រុកជាំក្សាន្ត រួមជាមួយនឹងកម្លាំងជំនាញរដ្ឋបាលព្រៃឈើជាំក្សាន្ត ដឹកនាំដោយលោក ចាន់ វិទ្យា នាយរងផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត។ ការបង្ក្រាបខាងលើនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តព្រះវិហារ។

    មន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្ត បានបញ្ជាក់ឱ្យដឹងថា ចំពោះវត្ថុតាង ដែលកម្លាំងចម្រុះ រឹបអូសនៅទីតាំងទាំងពីរខាងលើនេះ បានដូចជាតាបឈូសឈើ១គ្រឿង ម៉ាស៊ីនវៀល១គ្រឿង ម៉ូទ័រខាត់២គ្រឿង និងម៉ាស៊ីនគោយន្តចំនួន២គ្រឿង។ ដោយ ឡែកឈើនៅមិនទាន់ដឹងចំនួននៅឡើយទេ។ ចំណែកម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឥតច្បាប់ មន្ត្រីជំនាញគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចលាក់កែឆ្នៃបន្តទៀត បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

    សូមបញ្ជាក់ផងដែរថា ឈើ និងវត្ថុតាងទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញដឹកប្រមូលយកមករក្សាទុក នៅថ្នាលបណ្តុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីធ្វើការវាស់វែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares