• កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ឧកញ៉ា​ សុឹង សំអុល និងកូនចៅ ៣នាក់ម្នាក់ រួមនឹងរថយន្ត៤០គ្រឿងពាក់ព័ន្ធបទល្មើសព្រៃឈើ ខណៈនេះឧកញ៉ាមួយចំនួនទៀតកំពុងមានសេរីភាព!
    ដោយ admin  ថ្ងៃទី 10 July, 2019  ម៉ោង 14:41 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ កម្លាំងកងអាវុធហត្ថ្ថ ឃាត់ខ្លួន លោក​ឧកញ៉ា​ម្នាក់ ឈ្មោះ សុឹង សំអុល និង​កូនចៅ​៣​នាក់ រួម​ទាំង​ដកហូត​រថយន្ត ជាង ៤០​គ្រឿង ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា​។ សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ​ និងប្រជាពលរដ្ឋសាទរចំពោះការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយ​ធំ​នេះ និង​ស្នើសុំ​ឱ្យ​ផ្ដន្ទាទោស ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់។

    អ្នកនាំពាក្យ​កងរាជអាវុធហត្ថ លោក អេង ហ៊ី ប្រាប់​បណ្តាញព័ត៌មានថា ជនសង្ស័យទាំងង ៤​នាក់ រួម​មាន លោក​ឧកញ៉ា សុឹង សំអុល មេការ​២​នាក់ និង​អ្នក​បើក​រថយន្ត​ម្នាក់​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន និង​នាំ​ទៅ​សាកសួរ​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

    លោក អេង ហ៊ី បន្ត​ថា ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា​នេះ គឺ ក្រៅពី​ឃាត់ខ្លួនមនុស្ស ៤​នាក់ កម្លាំង​អាវុធហត្ថ​ក៏បាន​ដកហូត​រថយន្ត​ប្រភេទ​ដឹក​ឈើ​ធំៗ ជាង​៤០ គ្រឿង​ដែរ។ តែលោក មិនទាន់​អាច​បញ្ជាក់​បាន​អំពី​ចំនួន​ឈើ​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​បន្ត​ទៀត។ លោក​បន្ត​ថា អាជ្ញាធរ​នឹង​បង្ក្រាប​តទៅទៀត​ចំពោះ​អ្នក​ដែល​នៅតែ​ពាក់ព័ន្ធ​បទ ល្មើស​ព្រៃឈើ។

    ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈ កម្មការជាតិទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​ថ្ងៃទី៨ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​វិធានការ​អនុវត្ត​ច្បាប់ ដល់​បុគ្គល ឬ​ក្រុមហ៊ុន និង​បំផ្លាញ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។ វិធានការ​ទី​១- បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ នឹង​ត្រូវ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​។ វិធានការ​ទី​២- មធ្យោបាយ​បម្រើ​ដឹកជញ្ជូន​ឈើ​រួមមាន​រថយន្ត គោយន្ត និង ម៉ូតូ​ជាដើម ត្រូវ​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង។

    ប្រជាពលរដ្ឋទូទៅបានសម្ដែង​ការ​សាទរ​ចំពោះ​វិធានការ​បង្ក្រាប​បទល្មើស ព្រៃឈើ​នេះ និង​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់​។ ប៉ុន្តែមានការលើកឡើងថា វិធានការ​នេះ​ហាក់​ដូចជា​យឺតយ៉ាវ ព្រោះ​លោក សុឹង សំអុល ដែល​មាន​ងារ​ជា​ឧកញ៉ា​នេះ ត្រូវ​បាន​គេ​ដឹងឮ​ និងចោទថា ជា​អ្នក​រកស៊ី​កាប់​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​វៀតណាម​ដុះស្លែម្នាក់ ប៉ុន្តែ​អាជ្ញាធរ​តែងតែ​ព្រងើយ កន្តើយ និង​ពេលខ្លះ​ការពារ​ជន​នេះ​ថែមទៀត​។ ហើយករណី​នេះ​គឺ គ្រាន់តែ​ជា​ជំហាន​ទី​១ ប៉ុណ្ណោះ ព្រោះ​នៅតែ​មាន​ឧក្រិដ្ឋជន​ព្រៃឈើ​ដែល​មាន​ងារ​ជា​ឧកញ៉ា​ជាច្រើន​ទៀតដែលកំពុងនៅក្រៅសំណាញ់ច្បាប់។

    មជ្ឈដ្ឋាននានាបានលើកឡើងថា ការ​ចាប់​ខ្លួន លោក សុឹង សំអុល នេះ គឺ​គ្រាន់តែ​ការ​ចាប់ផ្ដើម និង​ប្រហែលជា​ធ្វើឡើង​ទាំង​បង្ខំចិត្ត ដោយសារ​តែ​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ ព្រោះថា គណៈកម្មការ​បង្ក្រាប បទល្មើស​ព្រៃឈើ​នេះ មាន​ភាព​ស្ងប់ស្ងៀម​យូរ​ណាស់​មក​ហើយ ដូច្នេះ​ករណី​បង្ក្រាបនេះ នឹង​បើកផ្លូវ​ឱ្យ​ការ​ឃាត់ខ្លួន​ក្រុម​ឧកញ៉ា​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ ឈើ មិនមែនមានតែឧកញ៉ា សុឹង សំអុល ម្នាក់នេះទេ។

    មាត្រា​៩៣​នៃ​ច្បាប់​ព្រៃឈើ ចែងថា ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ត្រូវ​ទទួលទោស​ដូច តទៅ៖ ចំពោះ​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ អាច​ជាប់ពន្ធនាគារ​ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុតាង មក​ជា​សម្បត្តិ​រដ្ឋ។ បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​២ ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ ពិន័យ​ជា​ប្រាក់​១​លាន រៀល​ទៅ​១០​លាន​រៀល ហើយ​វត្ថុតាង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ។ បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​៣ ជាប់ ពន្ធនាគារ​ពី​១ ខែ ទៅ​១​ឆ្នាំ​ហើយ​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ដល់​១០​លាន​រៀល។ ចំណែក មាត្រា​៩៤ ចែងថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ធ្វើ​ឱ្យ​ខូចខាត​ដល់​មជ្ឈដ្ឋាន​ព្រៃឈើ ត្រូវ​ចេញថ្លៃ​ស្ដារ ឬ​ជួសជុល​ការខូចខាត​ឱ្យ​មាន​លក្ខខណ្ឌ​ដូច​ដើម​វិញ។

    ទោះយ៉ាងណាពលរដ្ឋរងើចាំមើលថាតើយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនេះចាប់តែឧកញ៉ា សុឹង សំអុល ម្នាក់ឬយ៉ាងណា ពីព្រោះព្រៃឈើរបស់កម្ពុជារងការបំផ្លាញដោយឧកញ៉ាមួយចំនួនទៀត ដែលអាជ្ញធរខេត្តនិមួយៗស្គាល់ច្បាស់ណាស់។ ហើយករណីឃាត់ខ្លួនឧកញ៉ា សុឹង សំអុល ពលរដ្ឋនឹងរង់ចាំមើលថាតើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរឬទេ៕

    ឧកញ៉ា សឹង សំអុល

    នាយឧត្តមសេនីយ៍ សៅ សុខា

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares