• ទីតាំងកែច្នៃដំឡើងរថយន្តគ្មានច្បាប់ចង្កូតស្ដាំគ្មានពន្ធ នៅស្រុកអង្គស្នួលត្រូវសមរ្ថកិច្ចបង្ក្រាប
    ដោយ admin  ថ្ងៃទី 5 July, 2019  ម៉ោង 16:54 | សន្តិសុខ​សង្គម

    (ខេត្កកណ្តាល)៖ នៅថ្ងៃទី៥ ខែកក្កដា នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ហាញរបាយការណ៍ ផ្លូវការ ដោយបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា វេលាម៉ោង១០ និង ៣០នាទី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានបន្តសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ដកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចុះ ដល់ទីតាំងកែច្នៃដំឡើងរថយន្តគ្មានច្បាប់ចង្កូតស្ដាំគ្មានពន្ធ ស្ថិត នៅក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ជនសង្ស័យជាម្ចាស់ទីតាំងរថយន្តកែច្នៃមានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    វត្ថុតាងដកហូតរួមមាន រកឃើញរថយន្តម៉ាក NISSAN DISEL ចំនួន៦គ្រឿង ទម្ងន់៥តោន រថយន្តចង្កូតស្ដាំគ្មានពន្ធ ។ មានពណ៌ទឹកប្រាក់ ចំនួន២គ្រឿង និងពណ៌ស ចំនួន៤គ្រឿង ដំឡើងទ្រុងរួចចំនួន៣គ្រឿង និងមិនទាន់ដំឡើងទ្រុងចំនួន៣គ្រឿង ។ ចំពោះរថយន្តទាំង៦គ្រឿងនេះ គឺជាប្រភេទរថយន្តដឹកធម្មតា កែច្នៃទៅជារថយន្តបែនសម្រាប់ដឹកដី ហើយមានម្ចាស់រៀងៗខ្លួន។

    វត្ថុតាងរថយន្តទាំង៦គ្រឿងនេះ ក្រុមការងារចម្រុះសម្រេច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បណ្ដោះអាសន្នរង់ចាំការអនុវត្តនីតិវិធីរបស់ជំនាញសាខាគយ និងរដ្ឋាករខេត្តកណ្ដាល និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដើម្បីឱ្យបញ្ឈប់ការធ្វើរថយន្តកែដំឡើងរថយន្តគ្មានច្បាប់អនុញ្ញាតបន្តទៀត។

    ពាក់ព័ន្ធបញ្ហានេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ថ្លែងថា ករណីនេះ គឺ ជាសមត្ថកិច្ចរបស់ជំនាញរបស់សាខាគយ និងរដ្ឋាករខេត្តកណ្ដាល ពាក់ព័ន្ធលក្ខណៈបច្ចេកទេសរថយន្ត ពោលគឺម្ចាស់ទីតាំងពុំមានបទល្មើសព្រហ្មទណ្ឌទេ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares