• គ្រឿងញៀន​ ១៧​គីឡូក្រាម​ សមត្ថកិច្ចបង្ក្រាបនៅព្រំដែនកម្ពុជា-​វៀតណាម​ ក្នុង​ខេត្តស្វាយរៀង​ !
    ដោយ admin  ថ្ងៃទី 14 June, 2019  ម៉ោង 18:49 | សន្តិសុខ​សង្គម

    (​ខេត្តស្វាយ​រៀង​)៖​ ថ្នាំ​ញៀន​ប្រហែល​១៧​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​បង្ក្រាប​ ប៉ុប៉ុន្តែជនជួញដូរគ្រឿងញៀននោះ បាន​រត់គេច​ខ្លួន​បាត់​។​ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ចន្លោះ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ក្បែរ​នឹង​ច្រក​អន្តរជាតិ​បា​វិត​។​

    ​ស្នងការ​រង​នគរបាល​ខេត្តស្វាយរៀង​ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ លោក​វរសេនីយ៍ឯក​ កែវ​ សុ​ថា​ បាន​ឱ្យដឹងថា កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៦១១​ ចេញ​ល្បាត​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​១៧០​ ស្លាប​ខាងឆ្វេង​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ ក៏​បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់​ ដើរ​កាត់​វាលស្រែ​ក្បែរ​ចំការ​ប្រេងខ្យល់​ ដោយ​មាន​យួរ​វ៉ា​លី​ស​ធំ​មួយ​។​ ដោយ​មានការ​សង្ស័យ​ សមត្ថកិច្ច​ក៏​បាន​ហៅ​ឱ្យឈប់ដើម្បីសួរនាំ តែ​ជនសង្ស័យ​បាន​ទម្លាក់​ វ៉ា​លី​ស​នោះ​ចោល​ ហើយ​រត់គេច​ខ្លួន​ចូល​ចម្ការ​ប្រេងខ្យល់​បាត់​។​ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​វ៉ា​លី​ស​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ដែល​សង្ស័យ​ថា​ ជា​គ្រឿងញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ចំនួន​ ១៧​ដុំ​ ដែល​ស្មើនឹង​ប្រមាណ​១៧​គីឡូក្រាម​។​

    ​លោក​វរសេនីយ៍ឯក​ កែវ​ សុ​ថា​ បាន​ឱ្យដឹងទៀតថា ករណី​នេះ​ ជនសង្ស័យ​ប្រុង​នាំ​យក​គ្រឿងញៀន​ ទៅ​កាន់​ប្រទេស​វៀតណាម​ តែ​នៅ​ពេល​សមត្ថកិច្ច​ហៅ​ឃាត់​សួរ​ ជនសង្ស័យ​ភ័យ​ក៏​រត់​បាត់​ទៅ​។​ តែ​យ៉ាងណា​ក៏​ដោយ​ ពេល​នេះ​ លោក​កំពុង​ទាក់ទង​ ធ្វើការ​ជាមួយ​ភាគី​វៀតណាម​ លើ​ករណី​នេះ​ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​។​

    ​បច្ចុប្បន្ន​ វត្ថុ​តាង​គ្រឿងញៀន​ ទម្ងន់​១៧​គីឡូក្រាម​ កំពុង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ព្រំដែន​ធ្លក​ រង់ចាំ​តំណាង​អយ្យការ​ចូលរួម​វេច​ខ្ចប់​តាម​នីតិវិធី​ នាំ​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares