• ព័ត៌មានសំខាន់! ក្រសួងព័ត៌មាន ចេញលិខិតផ្លូវការ សម្រចឱ្យ VOA បើកការិយាល័យតំណាងស្របច្បាប់នៅកម្ពុជាវិញហើយ
    ដោយ admin  ថ្ងៃទី 7 June, 2019  ម៉ោង 09:44 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នឹងមានការិយាល័យតំណាងស្របច្បាប់មួយ នៅក្នុងប្រទេសកម្ពុជា ក្រោយពេលដែលក្រសួងព័ត៌មាន បានចេញលិខិតផ្លូវការ សម្រេចឱ្យវិទ្យុអាមេរិកមួយនេះ បើកការិយាល័យតំណាងតាមផ្លូវច្បាប់។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលបានចុះផ្សាយនៅគេហទំព័រផ្លូវការរបស់ខ្លួនកាលពីម្សិលមិញ។

    តាមសេចក្តីសម្រេច, ការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិត នៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមាន លោក Christopher Service Dechard ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ P822102789 ធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជាតំណាងស្របច្បាប់។

    ការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) និងអ្នកតំណាងស្របច្បាប់ ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់
    ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជា កិច្ចសន្យា នឹងសេចក្តីណែនាំនានាពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា។ ករណីប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន ក្នុងប្រកា២ នៃសេចក្តីសម្រេចខាងលើនេះ។

    មិនតែប៉ុណ្ណោះ ក្រសួងក៏បានតម្រូវឱ្យ ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក គឺរាល់ការផ្លាស់ប្តូរព័ត៌មានអំពីទីតាំងការិយាល័យ និង / ឬ អ្នកតំណាងស្របច្បាប់ ត្រូវជូនដំណឹងមកក្រសួង ព័ត៌មាន ៥ (ប្រាំ) ថ្ងៃមុន។

    វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជា​បណ្តាញ​ផ្សាយ​ពហុ​ព័ត៌មាន​អន្តរជាតិ​ធំ​បង្អស់​របស់​សហរដ្ឋអាមេរិក ដែល​ផ្តល់​ព័ត៌មាន​ជិត​៥០​ភាសា។ VOA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤២ ជាមួយនឹងការប្តេជ្ញា​រាយការណ៍​ព័ត៌មាន​ឯករាជ្យ និង​ទូលំទូលាយ ហើយ​នាំ​យក​ការពិត​ជូន​ដល់​អ្នក​ស្តាប់ និង​ទស្សនិកជន។ VOA ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ពលរដ្ឋ​អាមេរិកាំង​ដែល​បង់​ពន្ធ​ហើយ VOA ជា​ផ្នែក​មួយ​នៃ​ទីភ្នាក់ ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មាន​សាកល។ នេះបើតាមការប្រកាសរបស់ VOA។

    នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា រងការចោទប្រកាន់ថា បានបិទសារព័ត៌មានបរទេស ដូចជា អាស៊ីសេរី និង The Cambodia Daily ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី តាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន។

    រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង។ ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ។ ដោយឡែកកាសែត The Cambodia Daily បានបិទការិយាល័យ ដោយសារតែមិនមានលទ្ធភាពបង់ពន្ធជូនរដ្ឋ៕

     

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares