• អ្នកយកព័ត៌មានជិត ១០នាក់ ត្រូវលោក យី ថុល មេគយច្រកព្រែកចាក ខេត្តកំពត ដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់តុលាការ ពីបទប្រមាថចំពោះអ្នករាជការសាធារណៈ និងទាមទារសំណង ១០ម៉ឺនដុល្លារ
    ដោយ admin  ថ្ងៃទី 3 June, 2019  ម៉ោង 12:47 | សន្តិសុខ​សង្គម

    (ខេត្តកំពត)៖ លោក យី ថុល អាយុ៤១ឆ្នាំ ជាប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក ដែលតំណាងឱ្យការិយាល័យគយ និងរដ្ឋាករ ព្រែកចាក នៃសាខាគយ និងរដ្ឋាករខេត្តកំពត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត ដោយប្តឹងអ្នកយកព័ត៌មានប្រមាណជិត ១០នាក់ ដោយចោទថា បានជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងាររបស់លោក។ នេះបើយោងតាមពាក្យបណ្តឹងមេធាវីរបស់ លោក យី ថុល ឱ្យបណ្តាញព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃនេះ។

    នៅក្នុងពាក្យបណ្តឹងបានបង្ហាញថា​ អ្នកយកព័ត៌មានដែលរងនូវពាក្យប្តឹងរួមមាន៖

    -ទី១៖ លោក ហ៊ុន សុខា ជាប្រធានសារពត៌មាននៃក្លិបអ្នកកាសែតឯករាជ្យ និងជានាយកផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV)
    -ទី២៖ លោក ចន យូដេត ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
    -ទី៣៖ លោក ស៊ាង ប៊ុនសុង ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
    -ទី៤៖ លោក ទុំ ឆោម ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
    -ទី៥៖ លោក ប៉ែន រ៉ា ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
    -ទី៦៖ លោក កែវ សុផាត ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
    -ទី៧៖ លោក ជី ពេជ្រ ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
    -ទី៨៖ លោក អ៊ុត ប៊ុនធឿន ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
    -ទី៩៖ និងបក្ខពួកដែលមិនស្គាល់ឈ្មោះ។

    បើតាមពាក្យបណ្តឹងនេះ លោក យី ថុល បានចោទប្រកាន់ទៅលើអ្នកយកព័ត៌មានទាំងនោះពីបទ «ជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់ សិទ្ធិខាងរូបភាព នៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ»។ មន្រ្តីគយរូបនេះ បានទាមទារសំណងពីក្រុមអ្នកយកព័ត៌មានទាំងនោះចំនួន ១០ម៉ឺនដុល្លារ។

    លោក យី ថុល បានបញ្ជាក់ទៅកាន់ព្រះរាជអាជ្ញាថា ក្រុមអ្នកសារព័ត៌មានខាងលើបានចូលមកលួចថតជាវីដេអូ ពាសពេញបរិវេណទីតាំងត្រតពិនិត្យទំនិញដែនសមត្ថកិច្ចគយ និងរដ្ឋាករព្រែកចាក ដោយបានថត និងចូលឆែកឆេរទំនិញ ដែលស្តុកទុកនៅក្នុងទីលានត្រួតពិនិត្យទំនិញដែនសមត្ថកិច្ចគយ ហើយនិយាយមួលបង្កាច់ថា មន្ត្រីគយពុករលួយ មិនបានត្រួតពិនិត្យទំនិញ, ឃុបឃិតជាមួយឈ្មួញ និងនាំទំនិញគ្មានគុណភាពចូលមកប្រទេសកម្ពុជាដោយឥតច្បាប់ទម្លាប់។ លុះប្រហែលម៉ោង ១២.០០នាទី មានបុគ្គលិកគយមកប្រាប់លោក រួចលោកក៏បានចេញទៅ
    មើលហេតុការណ៍នោះ។ ប៉ុន្តែក្រុមអ្នកសារព័ត៌មានទនោះ បាននាំគ្នាចេញទៅបាត់អស់ហើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា- វៀតណាម ក្នុងខេត្តកំពត មានករណីទំនាស់មួយបានកើតឡើង ស្ទើរតែងផ្ទុះហិង្សាធ្ងន់ធ្ងរ ទៅហើយ រវាងអ្នកយកព័ត៌មានមួយក្រុមប្រមាណជាង ១០នាក់ និងមន្ដ្រីគយប្រចាំនៅប៉ុស្ដិ៍នោះតែម្ដង ពាក់ព័ន្ធទៅនឹងការយកព័ត៌ មានពីការដឹកទំនិញឆ្លងកាត់។

    យោងតាមវីដេអូដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook អ្នកយកព័ត៌មានមួយក្រុមបានចុះទៅផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទ ដែលនាំឱ្យផ្ទុះជម្លោះដាក់គ្នារហូតចង់ប្រើអំពើហិង្សាទៀតផង។

    ពាក់ព័ន្ធករណីនេះរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា មន្ដ្រីអាជ្ញាធរអាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញ ភារកិច្ចរបស់ខ្លួន។ នៅព្រឹកថ្ងៃទី២៩ ខែឧសភា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមច្បាប់ អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រី ដែលកំពុងបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

    ភ្លាមនេះយើងមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីក្រុមអ្នកយកព័ត៌មានខាងលើនេះ បាននៅឡើយទេ នៅថ្ងៃដដែលនេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares