• ជិះម៉ូតូកង់បីឥណ្ឌាចេញពីហូបការ ត្រូវរថយន្តបុករះស្លាប់ស្ត្រីម្នាក់ភ្លាម និងមនុស្ស៤នាក់ទៀត រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 17 May, 2019  ម៉ោង 11:18 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយជនរងគ្រោះចេញពីហូបការគេនៅកៀនស្វាយ នាំគ្នាជិះរ៉ឺម៉កកង់បីត្រឡប់មកផ្ទះវិញ ត្រូវរថយន្តបុករះបណ្ដាលឱ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗ នៅនឹងកន្លែង និងមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ភោគ នៅ អាយុ៣៨ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រ ស្រុកកំណើតស្ថិតនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។ ចំណែកអ្នករងរបួស៤នាក់ទៀតនោះត្រូវបានបញ្ជូនយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។

    ប្រភពបន្តថា នៅមុនពេលកើតហេតុរថយន្តបង្កម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកភ្នំពេញ 2AL-0427 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករះរ៉ឺម៉កកង់បីចំនួន២គ្រឿង ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច(ផ្ទុយគ្នា) ចំពេញមួយទំហឹងលាន់ដូចរន្ទះ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់ស្រាល រួមទាំងក្មេងស្រីតូចម្នាក់។ បន្ទាប់ពីកើតហេតុ អ្នក បើកបររថយន្តបង្ក បានរត់គេចខ្លួនចេញពីកន្លែងបាត់។

    ប្រភពបន្តទៀតថា សពស្ត្រីរងគ្រោះបានប្រគល់ឱ្យក្រុមគ្រួសារ។ ចំណែករ៉ឺម៉កកង់បីទាំងពីរ រួមទាំងរថយន្តបង្កតសមត្ថកិច្ចជំនាញ ចុះមកវាស់វែង ហើយបានយកទៅរក្សា ទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះ ស្រាយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares